ចោរសមុទ្រសូម៉ាលីដែលបានចាប់នាវាដឹកប្រេង Eureka កំពុងទាមទារប្រាក់ ១០ លានដុល្លារ សម្រាប់ការដោះលែងនាវានេះ។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Shabelle Media Network។
យោងតាមគេហទំព័រព័ត៌មាននេះ នាវាដែលបានធ្វើដំណើរក្រោមទង់ជាតិតូហ្គោ ត្រូវបានរឹបអូស នៅថ្ងៃ ទី ២ ខែឧសភា នៅក្នុងឈូងសមុទ្រ Aden ខណៈពេលកំពុងដឹកជញ្ជូនប្រេងម៉ាស៊ូតចេញពីអេមីរ៉ាតអារ៉ាប់រួម។
មានរបាយការណ៍មុននេះថា ចោរសមុទ្របានគំរាមសម្លាប់ក្រុមនាវិកនាវាដឹកប្រេង ដែលមានជនជាតិអេហ្ស៊ីប និងឥណ្ឌា បន្ទាប់ពីការចរចាលើការដោះលែងរបស់ពួកគេ បានបរាជ័យ។

ចោរសមុទ្រនៅឆ្នេរសមុទ្រសូម៉ាលី បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនតាមសមុទ្រ ចាប់ពីចុងទសវត្សរ៍ឆ្នាំ ២០០០ ដល់ចុងទសវត្សរ៍ឆ្នាំ ២០១០ នៅពេលដែលក្រុមប្រដាប់អាវុធតែងតែវាយប្រហារនាវាពាណិជ្ជកម្មនៅឈូងសមុទ្រ Aden និងមហាសមុទ្រឥណ្ឌា។ ការល្បាតកងទ័ពជើងទឹកអន្តរជាតិ បានកាត់បន្ថយចំនួននៃការវាយប្រហារយ៉ាងខ្លាំង នៅដើមទសវត្សរ៍ឆ្នាំ ២០២០ ប៉ុន្តែសកម្មភាពចោរសមុទ្រ បានកើនឡើងម្តងទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមក្រុមហ៊ុនសន្តិសុខសមុទ្រអង់គ្លេស Ambrey ចោរសមុទ្របច្ចុប្បន្នកំពុងរក្សាទុកនាវាដឹកប្រេងយ៉ាងហោចណាស់ពីរគ្រឿង និងនាវាដឹកទំនិញធុនធ្ងន់មួយគ្រឿងដើម្បីទាមទារយកប្រាក់លោះ៕
