នៅថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះ បាននាំគ្នាបោសសម្អាតកម្ទេចកម្ទីនៅរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកអ្នករស់រាន ស្របពេលដែលទង់ជាតិបង្ហូតត្រឹមពាក់កណ្តាលដង ដើម្បីប្រារព្ធថ្ងៃកាន់ទុក្ខ រយៈពេល ១ថ្ងៃ ក្រោយការវាយប្រហារមីស៊ីល និងយានដ្រូនរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ៣០នាក់ ។
លោកស្រី Zoia វ័យ៦៥ឆ្នាំ រស់នៅក្នុងអគារបាក់ដោយអន្លើរដោយសារការវាយប្រហារដែលធ្វើឲ្យខូចខាតផ្ទះល្វែងរបស់គាត់ ។ អ្នកស្រីនិយាយថា គាត់បានប្រញាប់ប្រញាល់ទៅកាន់ច្រករបៀង ពេលដែលការវាយប្រហារចប់ផ្តើម ហើយនិងបានបួងសួងសុំឲ្យរស់ ។
អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារដែលជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែនមួយនេះ ក្នុងឆ្នាំនេះ បណ្តាលឲ្យមនុស្ស ៩២នាក់ផ្សេងទៀត រងរបួសផងដែរ ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា អគារស្នាក់នៅរបស់អ្នកស្រុកជាង ១០០ខ្នង បានរងការខូចខាត ស្របពេលដែលទីក្រុងមូស្គូ និយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារយានស្រូនរបស់អ៊ុយក្រែនលើរុស្ស៊ី ៕

