ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បានលើកឡើងថា វាគឺជារឿង «មិនសមហេតុផល» ឡើយ ដែលសហរដ្ឋអាមេរិកត្រូវបន្តទំនាក់ទំនង «តែម្ខាង» របស់ខ្លួន ជាមួយអង្គការណាតូ (NATO) ដោយការការនិយាយនេះកើតមានឡើងមិនដល់ ១សប្តាហ៍ផង មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុង Ankara ប្រទេសទួរគី។
លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «ពួកគេមិនមានវត្តមាននៅទីនោះ សម្រាប់ពួកយើងទេ!!!។ ហើយទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយអង្គការណាតូ មិនមែនជាអ្វីដែលមានទៅមានមកឡើយ»។
លោក Trump បានរិះគន់ម្តងហើយម្តងទៀត ចំពោះសម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការឆ្លើយតបរបស់ពួកគេ ចំពោះសង្គ្រាម នៅអ៊ីរ៉ង់ ខណៈដែលប្រទេសជាច្រើន បានរឹតត្បិតការប្រើប្រាស់មូលដ្ឋាន សម្រាប់កងកម្លាំងអាមេរិក។ ជាមួយគ្នានេះ លោកក៏ទទូចផងដែរថា លោកចង់ឱ្យអឺរ៉ុបដើរតួនាទីនាំមុខ សម្រាប់ការការពារជាតិរបស់ខ្លួន ហើយទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយកម្រិតនៃការប្តេជ្ញាចិត្តរួចហើយ។
ការបង្ហោះនៅលើ Truth Social របស់លោក នៅថ្ងៃទី២ ខែកក្កដា រួមមានតារាងមួយដែលបង្ហាញពីចំនួនទឹកប្រាក់នៃការចំណាយរបស់អង្គការណាតូ ដោយសហរដ្ឋអាមេរិកបានវិនិយោគច្រើនជាងរដ្ឋសមាជិកមួយចំនួនទៀតដែលត្រូវបានបង្ហាញ។
ដោយស្ថិតក្រោមសម្ពាធរបស់លោក Trump នៅក្នុងកិច្ចប្រជុំមួយ ក្នុងឆ្នាំ២០២៥ ថ្នាក់ដឹកនាំអង្គការណាតូបានព្រមព្រៀងបង្កើនការចំណាយ ទាក់ទងនឹងការការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣៥។ កិច្ចប្រជុំកំពូលណាតូ នាពេលខាងមុខ ដែលនឹងនាំរដ្ឋជាសមាជិកចំនួន ៣២ ឲ្យមកជួបជុំគ្នា នឹងត្រូវធ្វើឡើងនៅរដ្ឋធានីរបស់ទួរគី នៅថ្ងៃទី ៧-៨ ខែកក្កដា៕

