កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) មេបញ្ជាការយោធាអ៊ីរ៉ង់មួយរូប បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កុំឲ្យបើកការវាយប្រហារណាមួយ លើអ៊ីរ៉ង់ ខណៈដែលប្រទេសនេះកំពុងរៀបចំពិធីបុណ្យសពផ្លូវរដ្ឋរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស អំឡុងថ្ងៃដំបូងនៃសង្គ្រាម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya លោក Ali Abdollahi បានបញ្ជាក់ថា៖ «យើងសូមព្រមានគូសត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យជៀសវាងនូវការគណនាខុស និងគិតអំពីការសងសឹកដ៏ខ្លាំងក្លាដែលកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងធ្វើចំពោះការគំរាមកំហែង និងការឈ្លានពានណាមួយលើប្រទេសរបស់យើង»។
ពិធីដង្ហែសពលោក Khamenei នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា នៅទីក្រុងតេអេរ៉ង់ និងបញ្ចប់នៅថ្ងៃទី៩ ខែកក្កដា ដោយមានការបញ្ចុះសពរបស់លោកនៅស្រុកកំណើតរបស់លោក គឺ Mashhad ខណៈពិធីបន្ថែមបានគ្រោងទុកធ្វើនៅទីក្រុង Qom និងប្រទេសអ៊ីរ៉ាក់ នៅចន្លោះកាលបរិច្ឆេទទាំងនេះ។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានស្រដៀងគ្នានេះថា ទីក្រុងតេអេរ៉ង់ នឹងផ្តល់ការឆ្លើយតបភ្លាមៗ និងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយ លើប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន បន្ទាប់ពីមានការអត្ថាធិប្បាយដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ថា មេដឹកនាំកំពូលបច្ចុប្បន្នរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei ត្រូវបាន «កំណត់គោលដៅធ្វើឃាត»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការមានវិធានការសន្តិសុខកាន់តែតឹងរ៉ឹង ក្នុងអំឡុងពេលពិធីបុណ្យសពនេះ ខណៈដែលប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ននឹ ងត្រូវបានអនុវត្តលើទីក្រុងជាច្រើន ក្នុងនោះរួមទាំងទីក្រុងតេអេរ៉ង់ និង Mashhad ផងដែរ៕

