លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមចំពោះ «អ្វីៗស្ទើរតែទាំងអស់» ដែលសហរដ្ឋអាមេរិកត្រូវការ។
លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងកំពុងចរចា ហើយខ្ញុំគិតថា ពួកគេបានយល់ព្រម ចំពោះអ្វីៗស្ទើរតែទាំងអស់ដែលយើងត្រូវការ»។
នៅថ្ងៃព្រហស្បតិ៍នោះដែរ អ្នកសម្របសម្រួលបានឱ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាដោយប្រយោលមួយជុំ នៅទីក្រុងដូហា ប្រទេសកាតា ខណៈដែលភាគីទាំង២ បានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការចរចា និងកាត់បន្ថយភាពតានតឹង បន្ទាប់ពីមានការបាញ់ប្រហារតបតគ្នាថ្មីៗនេះ។

កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងអេរ៉ង់ បានយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្របសម្រួលដោយកាតា និងប៉ាគីស្ថាន ដែលរួមមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដោយមានបំណងផ្អាកសង្គ្រាមដែលបានផ្ទុះឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីចុងខែកុម្ភៈ ក៏ដូចជាការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលត្រូវបានបិទខ្ទប់។
កិច្ចព្រមព្រៀង ១៤ចំណុចនេះ ក៏បានកំណត់ពេលវេលា ដើម្បីបន្តការចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ និងដោះស្រាយបញ្ហានានា ដូចជាការរៀបចំសម្រាប់ច្រកសមុទ្រ Hormuz មូលនិធិកសាងឡើងវិញសម្រាប់អ៊ីរ៉ង់ និងអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ិស្លាម៕
