មន្ត្រីអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)ថា លោកប្រធានាធិបតី Donald Trump ចង់ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ «ការសម្លាប់ឥតសមហេតុផល» នៅប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងរបស់រុស្ស៊ី លើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់។
ដើម្បីឆ្លើយតបទៅនឹងសំណួរមួយ អំពីការវាយប្រហាររបស់រុស្ស៊ី មន្ត្រីអាមេរិករូបនេះបានប្រាប់សារព័ត៌មាន AFP ថា៖ «លោកប្រធានាធិបតី Trump មានចិត្តមនុស្សធម៌ ហើយចង់ឱ្យសង្គ្រាមនេះត្រូវបានបញ្ចប់ ដើម្បីឲ្យការសម្លាប់ឥតសមហេតុផលលែងមានតទៅ»។

មន្ត្រីរូបនោះបានបន្ថែមថា៖ «លោកប្រធានាធិបតី និងក្រុមរបស់លោក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលោកនៅតែមានសុទិដ្ឋិនិយមថា នៅទីបំផុត យើងនឹងទទួលបានកិច្ចព្រមព្រៀងសន្តិភាព»។
គួរបញ្ជាក់ថា ទីក្រុងគីវ និងមូស្គូ សុទ្ធតែបានសន្យាយ៉ាងម៉ឺងម៉ាត់ដូចគ្នាថា នឹងបើកការវាយប្រហារជាថ្មី នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំនេះ បន្ទាប់ពីមានការបាញ់ស្រោចដ៏ធំពេញមួយយប់ ដែលបានបំផ្លាញអគារផ្ទះល្វែង នៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន និងបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រត់ទៅកាន់ទីជម្រកសុវត្ថិភាព។
មុនពេលលោកវិលត្រឡប់ទៅកាន់តំណែងវិញ កាលពីឆ្នាំមុន លោក Trump បាននិយាយថា លោកអាចដោះស្រាយសង្គ្រាមអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិ កក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងទីក្រុងមូស្គូ និងទីក្រុងគីវ រហូតមកដល់ពេលនេះ មិនទួលបានជោគជ័យឡើយ៕

