ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅភាគខាងលិច និងភាគកណ្តាលប្រទេសឥណ្ឌានាថ្ងៃសុក្រនេះ បណ្តាលឲ្យមានការអាក់ខានទ្រង់ទ្រាយធំដល់ការធ្វើដំណើរក្នុងស្រុក ។
នៅទីក្រុង Valsad ស្ថិតក្នុងរដ្ឋភាគខាងលិច Gujarat ទឹកជំនន់បានហូរចូលផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យខូចខាតសម្ភារៈប្រើប្រាស់របស់ក្រុមគ្រួសារ ហើយនៅទីក្រុង Rajkot ស្ពានបាក់ត្រូវបានរាយការណ៍ ។
ខណៈពេលនោះដែរ អ្នកស្រុករស់នៅក្នុងទីក្រុងភាគឦសាន Guwahati និយាយថា ផលប៉ះពាល់នៃទឹកដក់ បង្កើនហានិភ័យនៃជំងឺសើរស្បែក ហើយពួកគេចាត់ទុកស្ថានភាពបែបនេះថា ពុំសូវអំណោយផលទាល់តែសោះ ។
សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សា ផ្តល់ទឹកភ្លៀងប្រហែល ៧០ភាគរយនៃទឹកភ្លៀងប្រចាំឆ្នាំ ដើម្បីបំពេញប្រភពទឹកសំខាន់ៗ នៅក្នុងប្រទេសសេដ្ឋកិច្ចតម្លៃជិត ៤សែនកោដិដុល្លារមួយនេះ ជាទីដែលជិតពាក់កណ្តាលនៃដីកសិកម្មខ្វះខាតប្រព័ន្ធធារាសាស្រ្ត ហើយប្រហែលពាក់កណ្តាលនៃប្រជាពលរដ្ឋ រកប្រាក់ចិញ្ចឹមជីវីតរបស់ខ្លួនពីការប្រកបរបរកសិកម្ម ។
ភ្លៀងធ្លាក់អំឡុងខែកក្កដា សំខាន់ខ្លាំងណាស់ ដោយសារវាគឺជាប្រភពទឹកភ្លៀងដ៏ខ្លាំងក្លាមួយនៃរដូវវស្សារយៈពេល ៤ខែ ហើយកសិករភាគច្រើន បានសាបព្រួសដំណាំរបស់ពួកគេ អំឡុងខែនេះ ៕

