កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយការពារការចរចាជាមួយអ៊ីស្រាអែល ដោយបានបញ្ជាក់ថា វាមិនមែនជាការក្បត់ជាតិឡើយ ហើយលោកនឹងមិនព្រមបាត់បង់ «ទឹកដីរបស់ប្រទេសលីបង់សូម្បី ១អ៊ីញ»។ នេះបើយោងតាមការិយាល័យរបស់ប្រធានាធិបតី។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែលនឹងនៅតែមានវត្តមានតាមទីតាំងឈរជើងនានា «រហូតដល់មានការជូនដំណឹងបន្ថែម» ជាអ្វីដែលខ្លួនពិពណ៌នាថា ជា «តំបន់សន្តិសុខ» នៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សា។
លីបង់បានចុះហត្ថលេខាកាលពីសប្តាហ៍មុន លើកិច្ចព្រមព្រៀងក្របខ័ណ្ឌគាំទ្រដោយសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែល ដោយមានគោលបំណងធានាសន្តិភាព រវាងប្រទេសទាំង២ ជាចំណាត់ការមួយដែលត្រូវបានជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំងពីហេសបូឡា ជាក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។
លោក Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចាជាមួយអ៊ីស្រាអែលមិនមែនជា «ការក្បត់ជាតិទេ ប៉ុន្តែជាសង្គ្រាមការទូតដោយគ្មានការបង្ហូរឈាមដែលមិនចាំបាច់»។
ប្រធានាធិបតីលីបង់បានបញ្ជាក់ថា ទីក្រុងបេរូតបានសម្រេចចិត្តចូលរួម ក្នុងកិច្ចចរចា «ដើម្បីធានាឲ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីរបស់ខ្លួន»។ ហើយលោកបានប្រកាស ដោយសង្កត់ថ្ងន់ថា «យើងនឹងមិនព្រមបាត់បង់ទឹកដីរបស់ប្រទេសលីបង់សូម្បីតែ ១អ៊ីញ»។
កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះមើលឃើញថា កងទ័ពលីបង់នឹងបង្កើតសិទ្ធិអំណាចរបស់ខ្លួនបន្តិចម្តងៗ នៅភាគខាងត្បូងនៃប្រទេសលីបង់ នៅពេលដែលក្រុមហេសបូឡារំសាយអាវុធ ហើយអ៊ីស្រាអែលដកទ័ពចេញ ប៉ុន្តែមិនកំណត់ពេលវេលា សម្រាប់ដំណើរការនេះឡើយ៕


