ចក្រភពអង់គ្លេស និងចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បានធ្វើកិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ នៅទីក្រុងឡុងដ្រ៍ ដោយផ្តោតលើការជំរុញពាណិជ្ជកម្មសេវាកម្ម និងដោះស្រាយឧបសគ្គសំខាន់ៗនៃការចូលទីផ្សារ រវាងប្រទេសទាំង២។
កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្មរួម រវាងចក្រភពអង់គ្លេស និងចិន (JETCO) ត្រូវបានធ្វើសហប្រធានដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Peter Kyle និងសមភាគីចិនរបស់លោក គឺលោក Wang Wentao នៅឯនិវេសនដ្ឋាន Mansion House។
កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២៦ ដែលរដ្ឋាភិបាលចក្រភពអង់គ្លេស លើកឡើងថា បានជំរុញ «កិច្ចព្រមព្រៀងនាំចេញចំនួន ២,២ពាន់លានផោន និងឱកាសចូលទីផ្សារប្រហែល ២,៣ពាន់លានផោន សម្រាប់អាជីវកម្មចក្រភពអង់គ្លេសក្នុងរយៈពេល ៥ឆ្នាំ»។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេស ដែលមានបន្ទាប់ពីការពិភាក្សាបច្ចេកទេសធ្វើឡើងបន្តិចមុនកិច្ចប្រជុំកំពូល បានឲ្យដឹងថា ការផ្តោតជាសំខាន់នៃការពិភាក្សានេះ គឺការពិនិត្យឡើងវិញនូវវឌ្ឍនភាពលើ «ការសិក្សាលទ្ធភាពរួមគ្នា ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មដែលមានសក្តានុពល»។
រដ្ឋមន្ត្រីនៃភាគីទាំង២ បានគូសបញ្ជាក់ពី «ភាពជាដៃគូសេវាកម្មទ្វេភាគី» ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងសេវាកម្មវិជ្ជាជីវៈ និងអាជីវកម្ម។ លើសពីនេះ ពួកលោកបានប្តេជ្ញាគាំទ្រការផ្លាស់ប្តូរទ្វេភាគី លើការបើកទីផ្សារសេវាកម្មផ្នែកច្បាប់របស់ប្រទេសចិន និងបានអបអរសាទរការដាក់ឱ្យដំណើរការ «វេទិកាផ្គូផ្គងសេវាកម្មវិជ្ជាជីវៈ និងអាជីវកម្មចក្រភពអង់គ្លេស-ចិន» ថ្មីមួយ៕

