អាជ្ញាធរស្រីលង្កាបានចាប់ខ្លួនអតីតមេបញ្ជាការកងទ័ពជើងទឹកម្នាក់នៅថ្ងៃសុក្រនេះជុំវិញការចោទប្រកាន់ថា លោកបានជួយដោយខុសច្បាប់ក្នុងការជ្រើសរើសកូនប្រុសរបស់លោកអតីតប្រធានាធិបតី Mahinda Rajapaksa ឲ្យទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេស។
លោកឧត្តមនាវីឯកនៃកងនាវា Wasantha Karannagoda អាយុ ៧៣ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនដោយ គណៈកម្មការប្រឆាំងអំពើពុករលួយពីបទជ្រើសរើសលោក Yoshitha Rajapaksa ក្នុងឆ្នាំ ២០០៦ ដោយគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
លោក Karannagoda គឺជាមេបញ្ជាការកងទ័ពជើងទឹកនៅពេលដែលសង្គ្រាមបំបែកខ្លួនតាមិលរយៈពេលជាច្រើនទសវត្សរ៍របស់ប្រទេសស្រីលង្កា បានបញ្ចប់នៅឆ្នាំ ២០០៩។ លោកត្រូវបានតម្លើងឋានៈជាឧត្តមនាវីឯកនៃកងនាវានៅឆ្នាំ ២០១៩ ហើយបច្ចុប្បន្នមិនមានតួនាទីសកម្មនៅក្នុងកងទ័ពជើងទឹកទេ។
លោក Yoshitha Rajapaksa អាយុ ៣៨ ឆ្នាំ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីលោកត្រូវបានចាប់ខែមុន កាលពីខែមុនក្នុងករណីពាក់ព័ន្ធ ដែលលោកត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិសាធារណៈសម្រាប់ការបណ្តុះបណ្តាលនៅមហាវិទ្យាល័យកងទ័ពជើងទឹកដ៏មានកិត្យានុភាពរបស់ចក្រភពអង់គ្លេសនៅ Dartmouth៕

