នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានចេញដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។
បុព្វជិតវ័យ ៨៦ឆ្នាំរូបនេះ ដែលជាអ្នករិះគន់ឥតសំចៃមាត់លើសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៣៦ឆ្នាំមកហើយ មុនពេលរូបលោកត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។

ពិធីបុណ្យសពរបស់លោកនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ខែកក្កដា ក្នុងទីក្រុងតេអេរ៉ង់ ហើយនិងបញ្ចប់ទៅជាមួយពិធីបញ្ចុះសពលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅឯទីក្រុងកំណើត Mashad ។
ការិយាល័យរបស់លោកនិយាយថា លោក Sharif ត្រូវបានអមដំណើរដោយលោកឧបនាយករដ្ឋមន្រ្តី Ishaq Dar ប្រធានសភាលោក Ayaz Sadiq ប្រធានគណបក្សប្រជាជនប៉ាគីស្ថានលោក Bilawal Bhutto Zardari និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ។
ពួកគេបន្តថា លោក Sharif នឹងផ្តល់ការចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ តាងនាមឲ្យរដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថាន ហើយបន្ទាប់ពីចូលរួមពិធីបុណ្យសពនេះរួច លោកនឹងបន្តដំណើរទៅកាន់ទីក្រុង Istanbul សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសទួរគី ៕
