នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ទោះបីវាប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈពេលកំពុងឆ្លើយសំណួររបស់ក្រុមអ្នកតាក់តែងច្បាប់នៅក្នុងសភា។ លោកត្រូវបានសួរអំពីលទ្ធភាពនៃការវេតូទាក់ទងនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលនៃសាសនាគ្រិស្តអូស្សូដក់នៃទីក្រុងមូស្គូ និង រុស្ស៊ីទាំងមូល និងជាស្ថាបនិកក្រុមហ៊ុន Lukoil លោក Vagit Alekperov ។

នាយករដ្ឋមន្ត្រីបាននិយាយថា៖«អ្នកបានសួរថាតើខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ីដែរឬទេ។ ចម្លើយរបស់ខ្ញុំ គឺថា ខ្ញុំមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដូច្នេះទេ ខ្ញុំនឹងធ្វើ។ ជាក់ស្តែង ខ្ញុំនឹងធ្វើវាដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង»។
នៅពាក់កណ្តាលខែមិថុនា លោក Radev បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបថា លោកនឹងមិនអនុញ្ញាតឲ្យមានការអនុម័ត «ទណ្ឌកម្មដែលនឹងបង្កគ្រោះថ្នាក់ ឬបង្កហានិភ័យដល់សេដ្ឋកិច្ចប៊ុលហ្គារី» នោះទេ ដោយបន្ថែមថា បញ្ហាទណ្ឌកម្មនេះ នឹងត្រូវពិចារណានៅក្នុងខែកក្កដា ដោយក្រុមប្រឹក្សាការបរទេសសហភាពអឺរ៉ុប៕
