កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា«២ឆ្នំាចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់ លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពដែលខ្មែរធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណាដើម្បីធានាបាននូវសេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន៥០២ នាក់ មកពី១៥ឃុំ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានរម្លឹកដល់ស្ថានភាពកាលពី២ឆ្នាំមុនថា “យើងកំពុងរវល់ដឹកនាំប្រទេសជាតិឲ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពពាលាអាវ៉ាសែ។
ឯកឧត្តម បានបន្ថែមថា ពេលនេះ ប្រមាណ២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរបានជួបប្រទះកាលៈទេសៈនៃការបិទខ្ទប់ ឬ ការរិតត្បិតសកម្មភាពប្រចាំនានាក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម បានអះអាងថា ប្រាកដណាស់ថា យើងជួបប្រទះការលំបាកជាមួយគ្នា ប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពប្រចាំថ្ងៃគ្រប់ៗគ្នា តែយន្តការទាំងអស់នោះ គឺជាការសម្រេចចិត្តដោយបង្ខំចិត្ត និងពិតជាពិបាក។ ២ឆ្នំាចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពដែលខ្មែរធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណាដើម្បីធានាបាននូវសេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន។
ឆ្លៀតឱកាសនេះ ឯកឧត្តម តំណាងរាស្ត្រ បានថ្លែងអំណរគុណចំពោះការសហការដ៏ស្អិតរមួតរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដៃគូផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យកម្ពុជារក្សាបាននូវលំនឹងសេដ្ឋកិច្ច និងអាចត្រឡប់មកនូវស្ថានភាពដើមវិញ។
ឯកឧត្តម បន្ថែមថា យើងក្រុមគ្រួសារខ្មែរ រួមសុខ រួមទុក រួមគ្នារីកចម្រើនទៅមុខជាមួយគ្នា ជាមួយប្រជាជនកម្ពុជា។
សូមជម្រាបផងដែរថា ក្រៅពីការធ្វើរបាយការណ៍ពីស្ថានភាពទូទៅនៃកិច្ចការងារគណបក្សសម្រាប់ស្រុកបសេដ្ឋ ពិធីសំណេះសំណាលព្រឹកនេះក៏មានការបញ្ចូលបន្ថែមនូវបទបង្ហាញអំពីចំណុចសំខាន់ៗនៃទិដ្ឋភាពច្បាប់ បទបញ្ជា និងនីតិវិធី ចែករំលែកដល់អ្នកចូលរួមទាំងអស់សម្រាប់ជាជំនួយ និងការពារភាពស្របច្បាប់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការសង្កេតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ក្នុងពេលខាងមុខនេះផងដែរ៕ អត្ថបទ រដ្ឋា








