នៅថ្ងៃសុក្រនេះ យោធាឥណ្ឌូនេស៊ី បានរកឃើញសាកសពរបស់លោក Nicholas F. Gosselin គឺជាអ្នកបើកបរយន្តហោះជនជាតិអាមេរិក ក្រោយក្រុមឧទ្ទាមផ្តាច់ខ្លួននៅតំបន់ប៉ាពួខាងលិច បាញ់សម្លាប់រូបលោក និងដុតយន្តហោះលោកចោល ។
លោក Lucky Avianto គឺជាមេបញ្ជាការយោធាក្រុង Timika និយាយថា សាកសពនេះ នឹងត្រូវដឹកបញ្ជូនទៅកាន់ទីក្រុងហ្សាកាតា ហើយនិងប្រគល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមគ្រួសារនៅទីនោះ ។
គួរឲ្យដឹងថា ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតប៉ាពួខាងលិច បាននិយាយនៅក្នុងរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានបាញ់សម្លាប់អ្នកបើកបរយន្តហោះអាមេរិកម្នាក់ និងបានដុតកម្ទេចចោលយន្តហោះ នៅក្នុងសារមួយផ្ញើរជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ។
លោក Sebby Sambom គឺជាអ្នកនាំពាក្យរបស់កងទ័ពរំដោះជាតិប៉ាពួខាងលិច (TPNPB )និយាយថា ទាហានរបស់ពួកគេបានបាញ់សម្លាប់លោក Nicholas F. Gosselin និងដុតយន្តហោះគាត់ចោល ក្រោយចុះចតនៅតំបន់ Yahukimo ស្ថិតក្នុងខេត្តប៉ាពួខ្ពង់រាប ។
យោធាឥណ្ឌូនេស៊ីនិយាយថា អ្នកដំណើរប៉ាពួ ៧នាក់ នៅលើយន្តហោះ ត្រូវបានជួយសង្រ្គោះដោយអ្នកស្រុក ខណៈដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហ្សាកាតា ពុំបានឆ្លើយតបនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ជុំវិញឧបទ្ទេវហេតុនេះ ៕

