នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវឱ្យមាន «ការដោះស្រាយដ៏សមស្រប» ដើម្បីបញ្ចប់ការរំខាន នៅច្រកសមុទ្រ Hormuz ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចចរចា ដោយប្រយោល នៅក្នុងប្រទេសកាតា ក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រ សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។ ការចាប់ផ្ដើមការឆ្លងកាត់ឡើងវិញដោយសុវត្ថិភាព និងសេរី នៅក្នុងច្រកសមុទ្រនេះ ឆាប់បំផុតតាមដែលអាច គឺបម្រើផលប្រយោជន៍របស់ភាគីទាំងអស់»។
លោក Guo បានបញ្ជាក់ថា «ការដោះស្រាយសមស្រប» គឺត្រូវការជាចាំបាច់ ដើម្បីដោះស្រាយការរំខាន នៅច្រកសមុទ្រ Hormuz និង «កង្វល់រួមគ្នារបស់សហគមន៍អន្តរជាតិ» ដោយបន្ថែមថា បញ្ហាទាំងនេះ «តម្រូវឱ្យមានការឆ្លើយតបដ៏ត្រឹមត្រូវ»។

សេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា នៅទីក្រុងដូហា ក្នុងសប្តាហ៍នេះ។
កិច្ចចរចានៅក្នុងទីក្រុងរបស់ប្រទេសកាតានេះ គឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅទីក្រុងអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែមិថុនា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាកិច្ចព្រមព្រៀងដែលមានគោលបំណងបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ក្រោយជម្លោះបានចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ខណៈដែលភាគីទាំង២ បានកំណត់ថ្ងៃផុតកំណត់ ៦០ថ្ងៃ ដែលការចរចាត្រូវបញ្ចប់៕

