ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បានបដិសេធការចោទប្រកាន់ ដែលថា រដ្ឋាភិបាលរបស់លោកស្រី បានឆ្លើយតបយឺតពេក ចំពោះការបំផ្លិចបំផ្លាញដែលបង្កឡើងដោយគ្រោះរញ្ជួយដី ២លើក ជាហេតុការណ៍ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ជាង ២.០០០នាក់ហើយ បន្ទាប់ពីមានការរិះគន់យ៉ាងទូលំទូលាយជាច្រើនថ្ងៃ ចំពោះការប្រតិបត្តិឆ្លើយតបជាផ្លូវការ។
ជនស៊ីវិលគ្រប់មជ្ឈដ្ឋាន ដែលរួមមានអ្នកនៅរស់រានមានជីវិត សមាជិកគ្រួសារ គ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមជួយសង្គ្រោះបរទេស បានចុះទៅកាន់តំបន់គ្រោះមហន្តរាយ ជាពិសេសរដ្ឋ La Guaira ភាគខាងជើងដែលរងគ្រោះខ្លាំងបំផុត ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃទី២៤ ខែមិថុនា។
មនុស្សជាច្រើនដែលនាំគ្នាជីកកកាយតាមគំនរបាក់បែក រួមជាមួយអង្គការជំនួយអន្តរជាតិ និយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព ដោយជំនួយនានា ដូចជាអាហារ និងសម្ភារៈវេជ្ជសាស្ត្រ ត្រូវបានពន្យារពេល និងកង្វះខាតគ្រឿងចក្រធុនធ្ងន់ជាបន្តបន្ទាប់ ដើម្បីកាយយកកម្ទេចកម្ទី អំឡុងប្រតិបត្តិការស្វែងរកដែលកំពុងបន្ត។
អំឡុងសន្និសីទសារព័ត៌មាន លោកស្រី Rodriguez បានលើកឡើងថា៖ «វាគឺជាសោកនាដកម្មដោយសារគ្រោះធម្មជាតិ ក្នុងទំហំដែលយើងមិនធ្លាប់ស្រមៃដល់ទាល់តែសោះ ទោះបីជាយើងដឹងថា ព្រឹត្តិការណ៍រញ្ជួយដីអាចកើតឡើងនៅក្នុងប្រទេសរបស់យើងក៏ដោយ។ យើងមិនបានរង់ចាំ ១ថ្ងៃ ២ថ្ងៃ ឬ៣ថ្ងៃនោះទេ។ យើងបានចាត់វិធានការភ្លាមៗ»។
លោកស្រីបានបន្តថា មន្ត្រីចំនួន ៤.០០០នាក់ ត្រូវបានដាក់ពង្រាយភ្លាមៗ ដោយបង្កើនដល់ ១៤.០០០នាក់នៅថ្ងៃបន្ទាប់ ហើយបន្ទាប់មកម្តងទៀតដល់តួលេខបច្ចុប្បន្ន ១៩.០០០នាក់។ ហើយលោកស្រីបានប្រាប់អ្នកសារព័ត៌មានថា លោកស្រីក៏បានចេញផងដែរនូវក្រឹត្យគ្រាអាសន្ន ដើម្បីឲ្យដំណើរការនីតិវិធីបន្ទាន់។
លោកស្រី Rodriguez បានបន្ថែមថា៖ «យើងបានធ្វើអ្វីគ្រប់យ៉ាងតាមសិទ្ធិអំណាចរបស់យើង ហើយយើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមសិទ្ធិអំណាចរបស់យើង និងច្រើនជាងនេះ។ ខ្ញុំត្រូវឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់មួយចំនួន»៕



