យោងតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្តបរិយាកាសនៅក្រុមចាត់ថ្នាក់អាកាសធាតុពិភពលោក(WWA) បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុពាក់ព័ន្ធនឹងការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល ធ្វើឲ្យមានអាកាសធាតុក្តៅខុសពីធម្មតា ដែលនឹងគ្របដណ្តប់លើការប្រកួតនៅព្រឹត្តការណ៍បាល់ទាត់ World Cup ។
ព្រឹត្តការណ៍ប្រកួតនាថ្ងៃសៅរ៍ស្អែកនេះ រវាងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ និងបារាំង គ្រោងនឹងចាប់ផ្តើមនៅវេលាម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក នៅរដ្ឋ Philadelphia ស្របពេលដែលរលកកម្តៅវាយប្រហារតំបន់ជាច្រើននៅសហរដ្ឋអាមេរិក និងកាណាដា ។
ខណៈពេលនោះដែរ មនុស្សជាង ១០០នាក់ ត្រូវបានព្យាបាលសម្រាប់ជំងឺសុរិយារោគ គឺជាជំងឺពាក់ព័ន្ធនឹងកម្តៅក្តៅខ្លាំង ក្រោយសីតុណ្ហភាពខ្ពស់ វាយប្រហារហ្វូងមនុស្សដែលបានជួបជុំគ្នាចូលរួមព្រឹត្តការណ៍រថភ្លើងចំហាយទឹកជាប្រវត្តិសាស្រ្តនៅរដ្ឋ Pennsylvania ។
សេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានក្នុងសប្តាហ៍នេះថា “ដូមកម្តៅ” គឺជាប្រព័ន្ធសម្ពាធខ្ពស់ដែលទាក់យកខ្សល់ក្តៅនៅពីក្រោមវា អាចនឹងមើលឃើញកម្តៅកើនឡើងពី ៤០,៥អង្សាសេ ដល់ ៤៦អង្សាសេនៅតំបន់ Midwest និងតំបន់ឆ្នេរភាគខាងកើត ក្នុងនោះទឹកដីធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ World Cup មួយចំនួន នឹងរងផលប៉ះពាល់ ។
ស្ថានភាពបែបនេះ នឹងគំរាមកំហែងផងដែរដល់វិបត្តិប្រព័ន្ធថាមពល និងធ្វើឲ្យប៉ះពាល់ដល់ការបា្ររព្ធពិធីកណ្តាលវាល ខួបលើកទី ២៥០នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៤ ខែកក្កដាស្អែកនេះ ៕