ឥណ្ឌូនេស៊ី៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានទទូចថា សង្គ្រាមនៅអ៊ុយក្រែនគួរតែត្រូវបានបញ្ឈប់យ៉ាងឆាប់រហ័សជាមួយនឹងដំណោះស្រាយដោយសន្តិវិធី។
ប្រទេសឥណ្ឌូនេស៊ីគឺជាទីឈប់ដំបូងរបស់លោក Kishida ក្នុងដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃទៅកាន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដែលលោកនឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាម ថៃ អ៊ីតាលី និងចក្រភពអង់គ្លេស។ លោក Kishida និងលោក Widodo បានពិភាក្សាអំពីតួនាទីរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធាននៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេចំនួន ២០ ឬ G-20។ លោក Widodo បានប្រកាសកាលពីថ្ងៃសុក្រថា លោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឱ្យចូលរួមកិច្ចប្រជុំកំពូលប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រទេស G-20 នៅខែវិច្ឆិកាឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។

លោក Widodo និយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងចូលរួមកិច្ចប្រជុំកំពូលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយលោក Kishida នាយករដ្ឋមន្ត្រីជប៉ុននិយាយថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ក្នុងការពង្រឹងការការពារមហាសមុទ្រដោយសេរី និងបើកចំហនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
អត្ថបទ៖ ប៊ុនថន