បារាំងបានកត់ត្រាករណីស្លាប់បន្ថែមចំនួន ២.០២៥នាក់ ក្នុងអំឡុងពេលរលកកម្ដៅក្ដៅខ្លាំងបំផុតខុសពីធម្មតាដែលបានកើតមាននៅប្រទេសនេះ កាលចុងខែមិថុនា ដោយមានអ្នកស្លាប់ជិត ៩.០០០នាក់ ត្រូវបានបញ្ជាក់ដោយប្រព័ន្ធអេឡិចត្រូនិចទូទាំងប្រទេស រវាងថ្ងៃទី២២ និងទី២៨ ខែមិថុនា។ នេះបើយោងតាមទិន្នន័យបឋមពីវិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច (INSEE) ដែលត្រូវបានពិនិត្យដោយប្រព័ន្ធផ្សព្វផ្សាយ BFMTV នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ។
ការកើនឡើងនេះ កើតមានឡើងស្របគ្នានឹងរលកកម្ដៅឡើងក្ដៅខ្លាំងបំផុត ដែលបានប៉ះពាល់ដល់តំបន់ភាគច្រើនរបស់ប្រទេស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោកស្រី Stephanie Rist បាននិយាយថា តួលេខនេះនៅតែជាចំនួនបណ្តោះអាសន្ន ពីព្រោះលិខិតបញ្ជាក់មរណភាពតាមប្រព័ន្ធអេឡិចត្រូនិច មិនគ្របដណ្តប់ការស្លាប់ទាំងអស់ដែលត្រូវបានកត់ត្រាទូទាំងប្រទេសនោះទេ។
អាជ្ញាធរបានព្រមានថា ទិន្នន័យបច្ចុប្បន្នគួរតែត្រូវបានបកស្រាយដោយប្រុងប្រយ័ត្ន ហើយអាចមើលស្រាលផលប៉ះពាល់ពេញលេញដោយសាររលកកម្ដៅ។ បើយោងតាមមន្ត្រី បានឱ្យដឹងលិខិតបញ្ជាក់មរណភាពតាមប្រព័ន្ធអេឡិចត្រូនិចមានចំនួនប្រហែល ៦០ភាគរយនៃការស្លាប់ទូទាំងប្រទេស ទោះបីជាការគ្របដណ្តប់ខុសគ្នាយ៉ាងខ្លាំង នៅទូទាំងតំបន់ក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសបារាំងបានជួបប្រទះនឹងសីតុណ្ហភាពក្ដៅខ្លាំងជាច្រើនថ្ងៃ ដោយតំបន់ជាច្រើនកត់ត្រាអាកាសធាតុលើសពី ៣៥អង្សាសេ៕