ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃសុក្រនេះថា គ្រោះមហន្តរាយមនុស្សធម៌មួយទៀត កំពុងកើតឡើងនៅប្រទេសស៊ូដង់ នៅទីក្រុងឡោមព័ទ្ធ al-Obeid ដោយរូបលោកព្រមានពីលំអាននៃអំពើឃោឃៅ និងជំរុញឲ្យពិភពលោកចាត់វិធានការសង្រ្គោះជាបន្ទាន់ ។
ទីក្រុង Al-Obeid គឺជារដ្ឋធានីរបស់រដ្ឋ North Kordofan បានក្លាយជាការផ្តោតសំខាន់នៃការប្រយុទ្ធគ្នានាពេលថ្មីៗនេះ រវាងកងទ័ពស៊ូដង់ និងកងកម្លាងគាំទ្ររហ័ស(RSF) អំឡុងសង្រ្គាមដែលចាប់ផ្តើមឡើងកាលពីរយៈពេលជាង ៣ឆ្នាំមុន ហើយបណ្តាលឲ្យមានវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ ។
ឧត្តមស្នងការសិទ្ធិមនុស្ស UNលោក Volker Turk និយាយថា ជនស៊ីវិលបានក្លាយជាកម្មវត្ថុនៃការឡោមព័ទ្ធអស់រយៈពេល ១៨ខែមកហើយ ក្នុងនោះពួកគេប្រឈមនឹងកង្វះខាតទឹកស្អាតនៅទីក្រុង al-Obeid និងការវាយប្រហារយានដ្រូនឥតឈប់ឈរ ។
អំឡុងការជជែកដេញដោលនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Turk និយាយប្រាប់ប្រតិភូថា ការិយាល័យរបស់លោកបានចងក្រងឯកសារជាច្រើនពីលំអាននៃការប្រហារជីវិត ការចាប់ពង្រាត់ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ តាមផ្លូវដែលពលរដ្ឋជម្លៀសខ្លួនឆ្លងកាត់នៅតំបន់ Kordofan ។
អង្គប្រជុំនេះ ត្រូវបានអំពាវនាវឡើងដោយអង់គ្លេសដែលប្រេសិតពិសេសរបស់ពួកគេធ្លាប់បានព្រមានរួចទៅហើយថា ជនស៊ីវិលរហូតដល់ ៥០ម៉ឺននាក់ ប្រឈមនឹងអំពើឃោឃៅទ្រង់ទ្រាយធំ ស្របពេលដែលកងកម្លាំង RSF បន្តកៀរគរកម្លាំងរបស់ខ្លួនម្តងហើយម្តងទៀតនៅជុំវិញទីក្រុង al-Obeid ដែលស្ថិតក្នុងចំណោមទីក្រុងធំបំផុតរបស់ស៊ូដង់ ៕