ចិននិយាយនៅថ្ងៃសុក្រនេះ កិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងជប៉ុន មិនគួរមានគោលដៅលើទីក្រុងប៉េកាំងនោះទេ ក្រោយមេដឹកនាំប្រទេសទាំង ២ បានឯកភាពធ្វើការជិតស្និតជាងមុនលើរ៉ែសំខាន់ ។
ទំនិញយុទ្ធសាស្រ្តដែលត្រូវបានប្រើប្រាស់ចាប់ពីរថយន្តអគ្គិសនី និងស្មាតហ្វូន រហូតដល់ម៉ាស៊ីនយន្តហោះ និងមីស៊ីលតម្រង់គោលដៅ ត្រូវបានលើកយកមកពិភាក្សា អំឡុងជំនួបរវាងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi នៅក្នុងទីក្រុងញូវដែលី កាលពីថ្ងៃព្រហស្បតិ៍ ។
នៅពេលសួរពីជំនួបមួយនោះ ក្រសួងការបរទេសចិននិយាយថា ប្រទេសគួរតែធ្វើការ ដើម្បីជំរុញការយល់ដឹង និងទំនុកចិត្ត ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា កិច្ចសហប្រតិបត្តិការរវាងប្រទេស គួរតែពុំមានគោលដៅ ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ភាគីទី ៣ ឡើយ កុំយកជាលេសសម្រាប់បង្កើតជាបក្ខពួកផ្តាច់មុខ ឬញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នានោះឡើយ ។
សូមបញ្ជាក់ថា លោក Modi និយាយក្រោយជំនួបជាមួយសមភាគីជប៉ុនលោកស្រី Takaichi ថា ឥណ្ឌា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត(AI) លោហៈធាតុ ថាមពល ហើយនិងរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា សម្រាប់សន្តិសុខសេដ្ឋកិច្ច ៕