ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា រញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានកើតមាននៅម្ដុំភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ តែមិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតឡើយ។
ការរញ្ជួយនេះបានកើតឡើងនៅជម្រៅ ១២០គីឡូម៉ែត្រ ចម្ងាយប្រហែល ៥៨គីឡូម៉ែត្រ នៅភាគខាងលិចទីក្រុង Tobelo ក្នុងខេត្ត North Maluku នៅម៉ោង ១១:៣១នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២:៣១នាទី ម៉ោងសកល)។
អ្នកស្រុមមា្នក់ឈ្មោះ Umar Abbas ជាអ្នករស់នៅលើកោះ Ternate ដែលមានចម្ងាយប្រហែល ១១៤គីឡូម៉ែត្រពីចំណុចកណ្តាលនៃរញ្ជួយដី បានប្រាប់សារព័ត៌មាន AFP ថា៖ «ខ្ញុំកំពុងអង្គុយ និងផឹកកាហ្វេនៅតូបកាហ្វេមួយកន្លែង ស្រាប់តែកៅអីរបស់ខ្ញុំចាប់ផ្តើមញ័រ។ ខ្ញុំភ័យស្លន់ស្លោមួយសន្ទុះ ព្រោះខ្ញុំនៅតែមានអារម្មណ៍តក់ស្លុតដោយសារការរញ្ជួយដីកន្លងមក»។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា មិនមានការគំរាមកំហែងពីការមានរលកយក្សស៊ូណាមិឡើយ។
ឥណ្ឌូនេស៊ី និងប្រទេសជិតខាង ជួបប្រទះនឹងគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសទាំងនេះ ស្ថិតនៅចំ «កងភ្លើង» ប៉ាស៊ីហ្វិក ដែលលាតសន្ធឹងពីជប៉ុន កាត់តំបន់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕