នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយនៅថ្ងៃសុក្រនេះថា អ៊ុយក្រែនកំពុងរកផ្លូវ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាសូវី ហើយលោកបន្តថា ប្រទេសជិតខាងប៉ូឡូញនៅភាគខាងកើតមួយនេះ គួរតែទទួលយកលក្ខខណ្ឌជាមួយប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីចូលរួមសហភាពអឺរ៉ុប ។
គួរឲ្យដឹងថា ទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំង ២ បានចូលក្នុងវិបត្តិដ៏អាក្រក់បំផុត ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ លើអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីប៉ូឡូញលោក Karol Nawrocki ដកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ចេញពីជ័យលាភីកំពូលរបស់ប៉ូឡូញ ។
លោក Nawrocki និយាយថា លោកចាត់វិធានការបែបនេះ ដោយសារការដាក់ឈ្មោះអង្គភាពកងទ័ពនៅពីក្រោយក្រុមបះបោរដែលបានសម្លាប់រង្គាលលើពលរដ្ឋប៉ូឡូញ នៅក្នុងសង្រ្គាមលោកលើកទី ២ ។
លោក Tusk ដែលជាគូប្រជែងនយោបាយរបស់លោក Nawrocki បានព្យាយាមបន្ធូរបន្ថយភាពតានតឹង ហើយលោកនិយាយថា លោកទទួលបានសញ្ញាវិជ្ជមានពីជំនួបនាថ្ងៃសុក្រនេះ រវាងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និងសមភាគីប៉ូឡូញលោក Radoslaw Sikorski នៅទីក្រុងវ៉ាសូវី ។
លោក Tusk និយាយប្រាប់សន្និសីទសារព័ត៌មានថា លោកមានសូចនាករមួយបង្ហាញថា ភាគីអ៊ុយក្រែនយល់ឃើញថា វាមានប្រយោជន៍ ក្នុងការស្វែងរកផ្លូវ ដើម្បីមានការសន្ទនាគ្នាដោយស្មោះត្រង់ រួមទាំងពីអនាគតផងដែរ ។
សូមបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនមួយចំនួន បានចាប់ទុកកងទ័ពបះបោរអ៊ុយក្រែន(UPA)ថា ជាវីរភាពចំពោះការតស៊ូប្រឆាំងនឹងសហភាពសូវៀត និងក្រុមណាស៊ីអាល្លឺម៉ង់ ហើយនិងជានិមិត្តរួមនៃការតស៊ូរបស់ទីក្រុងគីវ ក្នុងការទាមទារឯករាជ្យពីទីក្រុងមូស្គូ ៕