ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានព្រមានថា បាតុភូតអែលនីញ៉ូ (El Nino) នឹងវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាមួយ នៅចន្លោះខែកក្កដា និងខែកញ្ញា ដែលជំរុញឱ្យមានលទ្ធភាពមានអាកាសធាតុអាក្រក់ខ្លាំង។
អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា បាតុភូតអាកាសធាតុនេះ បានចាប់ផ្ដើមរួចហើយ ហើយនឹងវិវត្តកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ខណៈដែលទីភ្នាក់ងារនេះបានព្រមានប្រទេសនានាឱ្យត្រៀមខ្លួន សម្រាប់ផលប៉ះពាល់។ បាតុភូតអែលនីញ៉ូធ្វើឱ្យសីតុណ្ហភាពផ្ទៃផែនដី នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល និងភាគខាងកើតក្តៅជាងមុន ដែលនាំមកនូវការប្រែប្រួលទូទាំងពិភពលោក ទាំងខ្យល់ សម្ពាធ និងលំនាំទឹកភ្លៀង។
ជាធម្មតា បាតុភូតនេះកើតឡើងរៀងរាល់ ពី ២ ទៅ ៧ឆ្នាំម្តង ហើយមានរយៈពេលប្រហែល ៩ ទៅ ១២ខែ។ ការធ្វើបច្ចុប្បន្នភាពអាកាសធាតុតាមរដូវសកលប្រចាំខែរបស់ WMO ចង្អុលបង្ហាញពី «ការវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងក្លា ក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា»។
ទីភ្នាក់ងាររបស់ UN មួយនេះ ចាត់ថ្នាក់ព្រឹត្តិការណ៍អែលនីញ៉ូជាកម្រិតខ្សោយ មធ្យម ខ្លាំង ឬខ្លាំងណាស់ ដែលមានន័យថា វាត្រូវបានកំណត់ឱ្យឈានដល់កម្រិតខ្ពស់បំផុតទី៣ ក្នុងចំណោម ៤កម្រិត៕