លោក Mohammad Salameh គឺជាជនប៉ាឡេស្ទីនមួយរូប កំពុងសាងសង់ផ្ទះសម្បែងសម្រាប់គ្រួសាររបស់លោក នៅតំបន់វ៉េសប៊ែងកាន់កាប់ដោយអ៊ីស្រាអែល ជាទីដែលកូនប្រុសទើបភ្ជាប់ពាក្យរបស់លោក ត្រៀមនឹងចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ ។
តែផ្ទុយទៅវិញ មុនពេលការសាងសង់ត្រូវបានបញ្ចប់ ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានមករឹបអូសយកអចលនទ្រព្យមួយនេះ ។
រូបភាពវីដេអូឃ្លីបដែលបានថតនៅដើមសប្តាហ៍នេះ ហើយត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ៦នាក់ ឡើងលើដំបូលផ្ទះកម្ពស់ ២ជាន់ ដែលស្ថិតនៅជិតជើងភ្នំ ។
លោក Salameh និយាយថា ការប្តឹងផ្តល់ទៅកាន់យោធា និងនគរបាលអ៊ីស្រាអែល ពុំជួយអ្វីបាននោះទេ ។ បច្ចុប្បន្នលោកមានការព្រួយបារម្ភពីផ្ទះរបស់លោកដូចជាផ្ទះរបស់គ្រួសារជាច្រើនទៀតដែរ នៅដែនដីប៉ាឡេស្ទីនមួយនេះ ថានឹងត្រូវបាត់បង់ជារៀងរហូត ដោយសារតែក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលទាំងនេះ ។ លោកថា ផ្ទះដទៃទៀតនៅតំបន់របស់លោក អាចនឹងមានជោគវាសនាដូចគ្នា ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យមើលសំណើរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ សុំសេចក្តីអត្ថាធិប្បាយ ប៉ុន្តែមកទល់នឹងថ្ងៃសុក្រនេះ ពុំទទួលបានការឆ្លើយតបណាមួយនោះឡើយ ។
ការរឹបអូសដីប៉ាឡេស្ទីនពីសំណាក់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល មានលក្ខណៈជាជីវិតជាយូរមកហើយនៅតំបន់វ៉េសប៊ែង ជាទីដែលជនជាតិអ៊ីស្រាអែលប្រហែល ៥០ម៉ឺននាក់ រស់នៅក្នុងចំណោមជនប៉ាឡេស្ទីនប្រហែល ៣លាននាក់ ៕