នាថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នៅពេលសួរអំពីប្រធានាធិបតីអាមេរិក Donald Trump ដែលហៅកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់អាល្លឺម៉ង់ថា ជារឿង «មិនសមហេតុផល» នោះ លោកអធិការបតី Friedrich Merz បានឆ្លើយថា ប្រទេសអាល្លឺម៉ង់មិនចាំបាច់គេចវេះពីការនិយាយ អំពីកំណត់ត្រារបស់ខ្លួន ជុំវិញការចំណាយលើវិស័យការពារជាតិឡើយ។
បញ្ហានៃការចំណាយលើវិស័យការពារជាតិ បានលេចឡើងកាន់តែធំទៅៗ ខណៈដែលមេដឹកនាំរបស់អង្គការណាតូ រៀបចំជួបជុំគ្នា នាសប្តាហ៍ក្រោយ នៅទីក្រុង Ankara របស់ប្រទេសទួរគី ជាទីកន្លែងដែលបណ្ដាប្រទេសអឺរ៉ុបមានគោលបំណងទុកដោយឡែកនូវជម្លោះជាមួយលោក Trump ជុំវិញបញ្ហាអ៊ីរ៉ង់ និងកោះ Greenland ហើយបង្ហាញថា ពួកគេកំពុងបោះជំហានទៅមុខ ដើម្បីការពារទ្វីបនេះ។
លោក Merz បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសអាល្លឺម៉ង់កំពុងបង្កើនថវិកាការពារជាតិទ្វេដង ក្នុងរយៈពេល ៤ឆ្នាំ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យបំផុតដែលយើងធ្លាប់បានធ្វើ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់យើង។ ក្នុងន័យនេះ យើងគ្មានហេតុផល ដើម្បីគេចវេះពីនរណាម្នាក់ឡើយ»។
លោកអធិកាបតី បានបន្ថែមថា៖ «យើងនឹងនិយាយរឿងនេះដោយរាបសារ ហើយយើងកំពុងធ្វើដូច្នេះ ក្នុងនាមជារដ្ឋសមាជិកធំបំផុតរបស់សហភាពអឺរ៉ុប ដែលត្រូវទទួលខុសត្រូវនៅក្នុងទ្វីបអឺរ៉ុប»។
លោក Trump បានប្រើប្រាស់បណ្ដាញសង្គម Truth Social ដើម្បីរិះគន់កំណត់ត្រាចំណាយលើវិស័យការពារជាតិរបស់សម្ព័ន្ធមិត្តណាតូ នៅសប្តាហ៍នេះ។ ការបង្ហោះសារមួយ បានលើកឡើងថា «វាជារឿងមិនសមហេតុផលសោះ ដែលសហរដ្ឋអាមេរិកបន្តដើរលើផ្លូវតែម្ខាងនេះ នៅពេលដែលទំនាក់ទំនងមិនមែនជាអ្វីដែលមានទៅមានមក»។ ហើយនៅក្នុងសារមួយទៀត លោកបានបញ្ជាក់ថា ការចំណាយរបស់អាល្លឺម៉ង់ គឺ «ទាបច្រើន» រវាងឆ្នាំ ២០១៤-២០២៥ ជាងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាតូផ្សេងទៀត ដោយបន្ថែមថា «មិនសមហេតុផល» សោះឡើយ៕