រាជធានីភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាពរបស់យុវជនកាកបាទក្រហមកម្ពុជា» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តចំនួន ១១៩នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់អំពីគោលបំណងចម្បងនៃកម្មវិធីនេះថា ជាការអនុវត្តជាក់ស្តែងស្របតាមសេចក្តីថ្លែងការណ៍យុវជន ក្នុងវេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ កាលពីឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «សិក្ខាសាលានេះមិនត្រឹមតែបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពយុវជនលើការកសាងសន្តិភាព ការសន្ទនាអន្តរវប្បធម៌ និងការរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាក្នុងសង្គម»។
ឯកឧត្តម យូ ឡាណា ក៏បានបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃ «សន្តិភាព» ជូនដល់យុវជនថា សន្តិភាពមានន័យទូលំទូលាយ៖ ក្នុងបរិបទចលនាអន្តរជាតិកាកបាទក្រហម វាមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាដំណើរការសហប្រតិបត្តិការដែលផ្អែកលើការគោរពសិទ្ធិមនុស្ស សច្ចធម៌ និងសមធម៌។ ចំពោះទស្សនៈរដ្ឋបាល-នយោបាយ គឺការបែងចែករវាង «សន្តិភាពអវិជ្ជមាន» (ការគ្មានសង្គ្រាម) និង «សន្តិភាពវិជ្ជមាន» (យុត្តិធម៌សង្គម និងការអភិវឌ្ឍចីរភាព)។ លើសពីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់យុវជនឱ្យស្វែងរក «សន្តិភាពផ្លូវចិត្ត» ដែលផ្តើមចេញពីចិត្តស្ងប់ និងការអនុវត្តគោលការណ៍អហិង្សា។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ ក៏បានរំលឹកពីមេរៀនប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាមនៅកម្ពុជា ដែលបង្កការខូចខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាពនៃ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាបានសម្រេចសមិទ្ធផលយ៉ាងត្រចះត្រចង់ ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
កម្មវិធីរយៈពេលកន្លះថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីបំប្លែង «ការប្តេជ្ញាចិត្ត» ទៅជា «សកម្មភាពជាក់ស្តែង» ដែលក្នុងនោះយុវជនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព៖ ការស្វែងយល់ពីច្បាប់មនុស្សធម៌៖ ការស្តាប់បទបង្ហាញស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងគោលការណ៍គ្រឹះទាំង ៧។ ការសម្តែងតួដោះស្រាយជម្លោះ៖ ការបែងចែកក្រុមដើម្បីដោះស្រាយស្ថានភាពជាក់ស្តែង ដូចជាវិវាទប្រដាប់អាវុធ, ការសង្គ្រោះទឹកជំនន់, ការដោះស្រាយជម្លោះពាក្យសម្តីក្នុងសហគមន៍ និងការសហការរវាងយុវជនក្នុងតំបន់។កិច្ចពិភាក្សាជាមួយវាគ្មិន៖ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកឆ្លងកាត់សង្គ្រាម ដើម្បីស្វែងយល់ពីផលប៉ះពាល់ និងវិធីសាស្ត្រកសាងសន្តិភាពប្រកបដោយចីរភាព។
នៅចុងបញ្ចប់នៃកម្មវិធី យុវជនម្នាក់ៗបានសរសេរការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ហើយនាំគ្នាទៅបិទនៅលើ «ជញ្ជាំងសន្តិភាព» ដើម្បីបង្ហាញពីឆន្ទៈក្នុងការនាំយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត និងចូលរួមសកម្មភាពមនុស្សធម៌ក្នុងសហគមន៍សម្រាប់ឆ្នាំ២០២៦ និងពេលអនាគត។ សកម្មភាពនេះ គឺជាយន្តការមួយជួយឱ្យយុវជនកម្ពុជាបំពេញកាតព្វកិច្ចក្នុងតំបន់ ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលមានភាពធន់ និរន្តរភាព និងសន្តិភាពពេញលេញ៕ 3/7/26
អត្ថបទ៖ សំ ងីម


















