ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោយមានអនុញ្ញាតពី លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបន្តចុះផ្សព្វផ្សាយអបរំ ណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យសាធារណៈ ក្នុងមូលដ្ឋានដើម្បីឲ្យសោភ័ណ្ឌភាពទីក្រុង និងដើម្បីរំដោះចិញ្ជើមរក្សារទុកអោយអ្នកថ្មើជើងងាយស្រួលធ្វើដំណើរផងដែរ។
ជាក់ស្ដែងនៅវេលាម៉ោង៨ ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែ មេសា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយផ្ទាល់ដោយលោក តោ វីរូ អភិបាលរងខណ្ឌ៧មករា លោកវរៈសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោក ប្រាក់ ហាក់ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់និងលាងសំអាតផ្លូវ តំបន់បុរីកីឡា តាមបណ្ដោយផ្លូវលេខ២១១ ស្ថិតក្នុង ភូមិ១២ សង្កាត់វាល់វង់ ខណ្ឌ៧មករា។
មន្រ្តីសាលាខណ្ឌ៧មករា បានឲ្យដឹងថាក្នុងការចុះរៀបចំសណ្ដាប់នេះ កម្លាំងអាជ្ញាធរបានណែនាំអោយអ្នកលក់ដាក់លក់ត្រឹម១ភាគ៣នៃចិញ្ជើម ត្រឹមដំបូលស័ង្កសីបទ បណ្ដោះអាសន្ន ដើម្បីរក្សារចិញ្ជើម និងបានយកឡានបាញ់ទឹកលាងដោយសាប៊ូសម្អាតផ្លូវ ប្រើប្រាស់ទឹកអស់១សុីទែន ក្រោយរៀបសណ្ដាប់ធ្នាប់និងលាងសំអាតផ្លូវចាប់ពីអាគារទី១ ដល់អាគារទី៨ ចប់ លោក អភិបាលរងបានណែនាំដល់ ដល់អាជីករទាំងអស់ ដើម្បីចូលរួមរក្សាបរិស្ថានអនាម័យ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីសោភ័ណភាពរាជធានីភ្នំពេញ៕
អត្ថបទ៖ កុម្ភះ








