ភ្នំពេញ ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា (កូកា-កូឡា កម្ពុជា) ដែលជាក្រុមហ៊ុនផលិត ភេសជ្ជៈឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន EFG (Express Food Group) ដែលជាប្រតិបត្តិករហាងលក់ម្ហូបអាហារ និងភេសជ្ជៈ (F&B)នៅកម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារយៈពេលបីឆ្នាំ។
ផ្នែកនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នឹងក្លាយជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនូវភេសជ្ជៈកំប៉ុង និងភេសជ្ជៈដបទៅឱ្យភោជនីយដ្ឋាន និង បញ្ជរលក់អាហារ និង ភេសជ្ជៈជាង១០០ទីតាំងរបស់ក្រុមហ៊ុន EFG។ កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលផងដែរនូវកិច្ចសហការរួមមាន៖ ការធ្វើទីផ្សារ វគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរួមទាំងទស្សនកិច្ចនៅរោងចក្រក៏ដូចជាការធ្វើសកម្មភាពទំនួលខុសត្រូវសង្គម (CSR) រួមគ្នាផងដែរ។
កិច្ចព្រមព្រៀងនេះក៏នឹងគ្របដណ្តប់លើពាណិជ្ជកម្មអេឡិចត្រូនិចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន EFG ផងដែរនោះគឺអាជីវកម្ម ដឹក ជញ្ជូនអាហារដែលមានឈ្មោះថាHungry? (get.hungryapp.asia)។
លោក David Wigglesworth អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកូកា-កូឡា កម្ពុជា(ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% នៃក្រុមហ៊ុន The Coca-Cola Company) បានពណ៌នាពីភាពជាដៃគូជាមួយក្រុមហ៊ុន EFG នេះថាយើងទន្ទឹងរង់ចាំកសាងភាពជាដៃគូដ៏យូរអង្វែងរបស់យើងជាមួយក្រុមហ៊ុន EFG និងម៉ាកយីហោដ៏អស្ចារ្យរបស់ពួកគេភីហ្សាដ៏ល្បីរបស់ក្រុមហ៊ុន EFG និងម៉ាកយីហោផ្សេងទៀតដែលសាកសមឥតខ្ចោះជាមួយនឹងម៉ាកភេសជ្ជៈ ឈានមុខគេរបស់យើងជាពិសេស កូកា-កូឡាហើយយើងមើលឃើញភាពជាដៃគូនេះថាជាដៃគូឈ្នះ-ឈ្នះហើយយើងទន្ទឹងរង់ចាំក្នុងការពង្រីកភាពជាដៃគូឈ្នះ-ឈ្នះនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះលោក Martin Darby នាយក គ្រប់ គ្រង ក្រុមហ៊ុន EFG Group បានថ្លែងថាការចុះហត្ថលេខានៅថ្ងៃនេះ ហាងទាំងអស់របស់ក្រុមហ៊ុន EFG Cambodia ប្តេជ្ញាក្នុងការផ្តល់ជូនភេសជ្ជៈរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជានៅតាមទីតាំងអាជីវកម្ម លក់រាយ និង ពាណិជ្ជកម្មអេឡិចត្រូនិចម្ហូបអាហារ និង ភេសជ្ជៈ (F&B) ទាំងអស់នៅពេលបច្ចុប្បន្ន និង អនាគតរបស់ខ្លួន។ ដូចទៅនឹងក្រុមហ៊ុនកូកា-កូឡា កម្ពុជាដែលជាក្រុមហ៊ុនផលិត ភេសជ្ជៈឈានមុខគេនៅកម្ពុជាដែល ផលិតភេសជ្ជៈដ៏ពេញនិយមមួយចំនួននៅក្នុងប្រទេស ក្រុមហ៊ុន EFG ជាប្រតិបត្តិករហាងលក់ភីហ្សា The Pizza Company ដែលជាម៉ាកយីហោ ភីហ្សា ឈានមុខគេនៅកម្ពុជា។ នំភីហ្សាដ៏និយមចូលចិត្តខ្លាំងនេះដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Minor Food Group ក្នុងឆ្នាំ២០០០ មានឯកទេសខាងដុតនំភីហ្សាប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងនំ ភីហ្សា ដែលមានសម្បក ក្រាស់រសជាតិឈ្ងុយ ឆ្ងាញ់ និងសម្បូរបែបជាងភីហ្សា បែបលោកខាងលិចភាគច្រើន។ ផលិតផល Coca-Cola ជាច្រើនប្រភេទបានចាប់ផ្តើមដាក់លក់នៅភោជនីយដ្ឋាន និងបញ្ជរអាហារ របស់ EFG។ ផលិតផលទាំងនេះរួមមាន Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai និង Aquarius ៕អត្ថបទ ៖ រដ្ឋា



