កំពង់ស្ពឺ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២នេះ ចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បន្តចុះស្រាវជ្រាវ រកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដើម្បីចែកអំណោយមនុស្សធម៌ជូនពួកគាត់ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានចំ នួន ២១៦គ្រួសារទៀត រស់នៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ពិធីសំណេះសំណាល និងចែកអំណោយនេះបានធ្វេីឡេីង នៅទីតាំងចំនួន ៣កន្លែង ផ្សេងគ្នាគឺ ៖ ទីតាំងទី១ សម្រាប់ប្រជាពលរដ្ឋ ៩០គ្រួសារ រស់នៅភូមិចំនួន ៦ នៃឃុំសង្កែសាទប, ទីតាំងទី២ សម្រាប់ប្រជាពលរដ្ឋ ៥៦គ្រួសារ រស់នៅភូមិចំនួន៧ នៃឃុំរស្មីសាមគ្គី, ទីតាំងទី៣ សម្រាប់ប្រជាពលរដ្ឋ ៧០គ្រួសារ រស់នៅភូមិព្រៃធំ នៃឃុំរស្មីសាមគ្គី។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស , លោកជំទាវ អគ្គលេខាធិការរងទី ១ បាន ពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញេីនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅតំបន់ដាច់ស្រយាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជេីញចុះមកសួរសុខទុក្ខប្រជាពលរដ្ឋកាលពីពេលកន្លងទៅ។
លោកជំទាវ បន្តថា « សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដេីម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡេីយ»។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលេីត្បូង និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ ។
ខណះនោះដែរ លោកជំទាវ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ឬក៏បង្កឡេីងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដេីម។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យេីងបាន ហេីយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ លោកជំទាវ ក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀត។ ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទេីរគ្រប់ទីកន្លែងនោះ លោកជំទាវ ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហេីយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពេីហិង្សា ដេីម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារផងដែរ។
ប្រជាពលរដ្ឋដែលទទួលអំណោយ ទាំងនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាចិត្តចូលរួមការពារសុខសន្តិភាពឱ្យបានជាដាច់ខាត ព្រោះថាលោកយាយលោកតាធ្លាប់បានឆ្លងកាត់សង្គ្រាម ក្តីវិនាសព្រាត់ប្រាស់ ដែលមិនចង់ឱ្យហេតុការណ៍នេះកេីតឡេីងទៀតទេ។
សូមបញ្ជាក់ថា អំណោយ ដែល កាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ ជូនដល់ គ្រួសារ នីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ត្រីខ ១០កំប៉ុង , ជែលលាងដៃ ១ដប , ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕អត្ថបទ ៖ សំ ងីម















