សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឡាយ នារី គាតឈន់ ដល់គេហដ្ឋានរបស់ សម្ដេចសេដ្ឋវិទូភក្ដី និងលោកជំទាវ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់ ព្រមទាំងក្រុមគ្រួសារ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំប្រទានពរដល់ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់ មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ និងសូមសម្តែងនូវការដឹងគុណ ការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលសម្តេចនិងលោកជំទាវ ថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ចំពោះ សម្តេចនិងលោកជំទាវ ព្រមទំាងក្រុមគ្រួសារជាប់ជាប្រចាំ។
សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ បានសង្កត់ធ្ងន់ថា សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំពោលពេញព្រហ្មវិហារធម៌ មានករុណាទិគុណចំពោះសហការី ពិសេសប្រជាពលរដ្ឋទូទៅ ដោយសម្តេចទាំងអស់ មិនដែលបោះបង់ប្រជាពលរដ្ឋ និងសហការីរបស់ខ្លួនម្តងណាឡើយ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់ គោរពផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបានគោរពជូនពរសម្តេច និងលោកជំទាវបណ្ឌិត សូមសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕