ក្រឡាបញ្ជីតុលាការអន្តរជាតិ ដែលកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ លើករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នា បានបញ្ជូនឈ្មោះបេក្ខជនចំនួនបីរូប ដើម្បីឱ្យភាគីកម្ពុជា និងថៃ ធ្វើការជ្រើសរើសយកមួយរូបឱ្យធ្វើជាប្រធាន និងបង្កើតទៅជាគណៈកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់BTVនៅថ្ងៃទី៤ ខែកក្កដា នេះថា ករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នា កម្ពុជា និងថៃ គឺកំពុងដំណើរការទៅតាមនីតិវិធី ដោយរលូន ហើយមកដល់ពេលនេះ ដំណើរការបានដល់ដំណាក់កាលពិនិត្យទៅលើបេក្ខជនទី៥ ដែលកម្ពុជានឹងធ្វើការជ្រើសរើសដើម្បីឱ្យមានការឯកភាពគ្នា។

លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់BTVដែរថា ដំណើរការងារដោះស្រាយជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ គឺបានដំណើរការទៅតាមនីតិវិធីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS)។ ហើយចំពោះអ្នកផ្សះផ្សាចំនួនពីររូបដែលកម្ពុជាបានជ្រើសរើស គឺគាត់ត្រូវមានជំហរកណ្តាល។ ហើយអ្នកផ្សះផ្សាទាំងបួនរូប គឺត្រូវជ្រើសរើសអ្នកទី៥ ដើម្បីធ្វើជាប្រធានគណៈកម្មការ។ កម្ពុជាសង្ឃឹមថា នឹងអាចរកដំណោះស្រាយតាមសន្តិវិធីលើបញ្ហាសមុទ្ររវាងប្រទេសទាំងពីរ និងសង្ឃឹមថា នឹងបានលទ្ធផលជាវិជ្ជមាន។
សូមជម្រាបថា ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គឺកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃក៏ត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាមាជិកទី៥ ហើយបង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ៕ អត្ថបទ៖ វង្ស សុភាព
