នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាមានសារសំខាន់ណាស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។
ដើម្បីសម្រួលដល់សកម្មភាពការងារ ក៏ដូចជាការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរបស់មន្ត្រីគណបក្សឃុំ និងគណបក្សស្រុក ឯកឧត្តមលោកអ្នកឧកញ៉ា បណ្ឌិត ប្រធានក្រុមការងារ បានឧបត្ថម្ភនូវម៉ូតូម៉ាក Honda Wave 110CC ឆ្នាំ២០២៦ ចំនួន ១៧គ្រឿង ដោយក្នុងនោះគណបក្សឃុំនីមួយៗទទួលបានម៉ូតូ២គ្រឿង និងគណបក្សស្រុកទទួលបានចំនួន ៣គ្រឿង។ ក្រៅពីការផ្តល់មធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានឧបត្ថម្ភជូននូវថវិកាមួយចំនួនបន្ថែមទៀត សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាល និងចាត់ចែងក្នុងសកម្មភាពផ្សេងៗរបស់គណបក្សស្រុក-ឃុំ ព្រមទាំងបានរៀបចំអាហារសាមគ្គីមួយពេលដ៏ឆ្ងាញ់ពិសា ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងមហាគ្រួសារបក្ស បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ទៅ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមលោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លាមួយចំនួន ចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ និងសមាជិក សមាជិកាបក្សដែលបានអញ្ជើញចូលរួមផ្ទាល់សរុបប្រមាណ ២៧២នាក់ ។
សូមបញ្ជាក់ផងដែរថា ថវិកាសរុបដែលបានចំណាយក្នុងកម្មវិធីកិច្ចប្រជុំ ការរៀបចំពិធី និងការឧបត្ថម្ភម៉ូតូចំនួន ១៧គ្រឿង រួមទាំងអំណោយទាំងអស់ខាងលើនេះ មានចំនួនសរុបប្រមាណ ៨១៥.០០០.០០០ រៀល៕














