ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ រៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ដែលបើកជាសាធារណៈនាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការដើរទស្សនាស្តង់ និងភ្លក់អាហាររបស់អាមេរិកផងដែរ។
ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាមេរិក លើភាពច្នៃប្រឌិត និងនយោបាយការទូត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការរៀបចំពិធី ដើម្បីអបអរសាទររំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិកនៅពេលនេះ គឺក្រោយពេល៥ថ្ងៃនៃខួបទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកគម្រប់៧៦ឆ្នាំ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០។ កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងសហរដ្ឋអាមេរិកបាននិងកំពុងឈានទៅរកភាពល្អប្រសើរ ខណៈដែលប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយ ក៏បានធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការដោះមីននៅកម្ពុជាកាន់តែល្អប្រសើរ ជាមួយនិងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិសុខជាសកល។
ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមជាមួយស្ថានទូតសហរដ្ឋអាមេរិក ដោយបានផ្តល់ទីតាំងផ្លូវថ្មើរជើងចតុមុខ ខណៈដែលទីតាំងនេះជាទីតាំងផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងរដ្ឋ និងឯកជនដ៏ធំមួយនៅភ្នំពេញ ជាតំបន់ទេសចរណ៍ដែលទទួលបានការសាទរ និងគាំទ្រយ៉ាងផុសផុលពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ក្នុងឱកាសនោះក៏បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ២៥០ នៃការកកើតសហរដ្ឋអាមេរិក ដែលជាសមិទ្ធផលដ៏សំខាន់មួយ ដែលមិនត្រឹមតែអបអរសាទរ ក្នុងនាមជាប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានអបអរសាទររួមគ្នា ជាមួយមិត្តភក្តិខ្មែររបស់យើងពេញមួយឆ្នាំនេះផងដែរ។
លោកស្រី បានប្តថា តន្ត្រី Pacific Brass ដែលមានវត្តមាននៅពេលនេះ គឺជាភាសាសកល ដែលមិនត្រូវការការបកប្រែនោះឡើយ វាអាចឆ្លងកាត់ព្រំដែន ផ្សារភ្ជាប់វប្បធម៌ និងជះឥទ្ធិពលផ្ទាល់ទៅកាន់បេះដូងមនុស្សគ្រប់រូប ហើយនៅរាត្រីនេះ តន្ត្រីបាននាំពួកយើងមកជួបជុំគ្នា នៅលើវិថីថ្មើរជើងនេះ ដើម្បីអបអរសាទរខួបកំណើតលើកទី ២៥០ របស់សហរដ្ឋអាមេរិក។ វង់តន្ត្រី Pacific Brass ពិតជាបានឆ្លងកាត់មួយសប្តាហ៍ដ៏អស្ចារ្យ និងគួរឱ្យចងចាំនៅទីនេះ ក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមកម្មវិធីនេះ បានស្តែងឱ្យឃើញពីទំនាក់ទំនង និងចំណងមិត្តភាពដ៏រឹងមាំ រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ខណៈពេលដែលកំពុងប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកនេះ សូមរួមគ្នាអបអរសាទរផងដែរ នូវអ្វីដែលបានកសាងរួមគ្នាកន្លងមក ដែលជាចំណងមិត្តភាពផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងដ៏យូរអង្វែង និងចក្ខុវិស័យរួមគ្នាមួយ សម្រាប់អនាគតដ៏មានសន្តិភាព និងវិបុលភាព៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










