រលកកម្ដៅដ៏គ្រោះថ្នាក់មួយបានរំខានដល់ការប្រារព្ធពិធីទិវាឯករាជ្យជាតិអាមេរិក ៤ កក្កដា ( Fourth of July) នៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងកើត សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដែលបង្ខំឱ្យមន្ត្រីនៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតលុបចោល ឬពន្យារពេលក្បួនព្យុហយាត្រា ការប្រគំតន្ត្រី និងការពិធីបាញ់កាំជ្រួចភ្ញី រាប់សិប។
យ៉ាងណាក៏ដោយ ទីក្រុង New York នៅតែអាចបន្តប្រារព្ធពិធីបាញ់កាំជ្រួចភ្ញើភ្លឺចិញ្ចាចពេញផ្ទៃមេឃកាលពីយប់ថ្ងៃសៅរ៍ នាឱកាសអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន។
ក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានរំខានដោយកម្ដៅដ៏ក្តៅគគុកនោះ គឺពិព័រណ៍រដ្ឋអាមេរិកដ៏អស្ចារ្យ (Great American State Fair) នៅលើឧស្យានជាតិ National Mall ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការប្រារព្ធខួបកំណើតនៃទិវាឯករាជ្យជាតិ លើកទី ២៥០ ឆ្នាំរបស់ប្រទេសនេះ ។
ពិព័រណ៍ ដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញរដ្ឋទាំង ៥០ ត្រូវបានបិទជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃសុក្រ ខណៈសីតុណ្ហភាពឡើងដល់ ១០១ អង្សាហ្វារិនហៃ ឬស្មើ ៣៨ អង្សាសេ។
កាលពីយប់ថ្ងៃសុក្រ ក្រុមអ្នករៀបចំក្បួនព្យុហយាត្រាទិវាឯករាជ្យជាតិរបស់សេវាកម្មឧទ្យានជាតិនៅទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ពួកគេបានលុបចោលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្បួនព្យុហយាត្រានេះ ត្រូវបានកំណត់ពេលចាប់ផ្តើមនៅម៉ោង ១០ និង៣០នាទីម៉ោងនៅអាមេរិកកាលពីថ្ងៃសៅរ៍ ដោយសេវាកម្មអាកាសធាតុព្យាករណ៍ថាសន្ទស្សន៍កម្ដៅនឹងឡើងដល់១១៥ អង្សាហ្វារិនហៃ៕