សេវាពន្លត់អគ្គិភ័យរបស់ប្រទេសក្រិកបាននិយាយថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅរាលដាលយ៉ាងឆាប់រហ័សមួយបានឆាបឆេះកាលពីល្ងាចថ្ងៃសៅរ៍ នៅជិតតំបន់ជាយក្រុង Thessaloniki ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសក្រិក ហើយប្រជាជននៅតំបន់ជាយក្រុងតូចៗចំនួនបីនៅភាគខាងជើងនៃទីក្រុងនេះ ត្រូវបានប្រាប់ឱ្យជម្លៀសចេញ។
សេវាពន្លត់អគ្គិភ័យ Hellenic បាននិយាយថា ភ្លើងបានឆាបឆេះនៅក្នុងជ្រោះមួយក្នុងតំបន់ភ្នំមួយនៅម៉ោងប្រហែល ៨:៣០នាទី យប់ ហើយបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់វាលទំនាប ដោយភាគច្រើនឆេះតាមគុម្ពោតព្រៃ។ សេវានេះបាននិយាយថា ខណៈលំនៅឋានត្រូវបានសង្គ្រោះ អាជីវកម្មជាច្រើនត្រូវបានខូចខាត។
ប្រជាជននៅក្នុងតំបន់តាំងទីលំនៅតូចៗនៃតំបន់ជាយក្រុង Anthoupoli, Filothei និង Galini ត្រូវបានជូនដំណឹងតាមរយៈសារជាអក្សរឱ្យជម្លៀសចេញ។
អាជ្ញាធរមូលដ្ឋានបាននិយាយ ក៏មានកន្លែងស្នាក់នៅមានមនុស្សចំនួន ១៥៧ នាក់ដែលមានតម្រូវការពិសេសត្រូវបានជម្លៀសចេញផងដែរ។ ប្រហែល ១២០ នាក់ក្នុងចំណោមអ្នកដែលអាចដើរបានកំពុងស្នាក់នៅក្នុងកន្លែងហាត់ប្រាណ ខណៈអ្នកនៅសល់ត្រូវបានស្នាក់នៅក្នុងមន្ទីរពេទ្យវិកលចរិក។
ក្រុមអាជ្ញាធរបានប្រកាសកាលពីយប់ជ្រៅថា បុរសអាយុ ៧៦ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានបង្កឲ្យមានភ្លើងឆេះព្រៃ។ សេវាពន្លត់អគ្គិភ័យក្រិកបាននិយាយថា បុរសនោះ ហាក់ដូចជាមិនស្រវឹងស្រា ឬញៀនថ្នាំទេ៕