អ្នកពន្លត់អគ្គិភ័យជាង១.០០០ នាក់កំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃដែលកំពុងកើនឡើងនៅភាគខាងជើងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃសៅរ៍ ដែលបានឆេះរាលដាលអស់រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈប្រទេសនេះកំពុងតតាំងនឹងរលកកម្ដៅខ្លាំង។
សេវាកម្មជួយសង្គ្រោះ បាននិយាយថា ដោយសារសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ ៤៤ អង្សាសេនៅកន្លែងមួយចំនួន ភ្លើងឆេះព្រៃដែលចាប់ផ្ដើមឡើងកាលពីថ្ងៃពុធនៅក្នុងស្រុក Viseau បានលេបត្របាក់ផ្ទៃដី១០.០០០ ហិកតារហូតមកដល់ពេលនេះ ។
ពួកគេបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល ១.១០០ នាក់កំពុងតស៊ូដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ដោយមានការគាំទ្រពីរថយន្ត ចំនួន៣៨០ គ្រឿង យន្តហោះ និងឧទ្ធម្ភាគចក្រចំនួនប្រាំបីគ្រឿង។
អង្គភាពយោធាអេស្ប៉ាញមួយកំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងបន្ទាប់ពីព័រទុយហ្គាល់បានស្នើសុំជំនួយពីអឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំលើកដំបូងនៃរដូវកាលនេះ។
មនុស្សប្រាំបួននាក់បានរងរបួសរហូតមកដល់ពេលនេះ រួមទាំងជនស៊ីវិលពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រដ្ឋាភិបាលបានបញ្ជាឱ្យមានវិធានការពិសេស រួមទាំងការហាមប្រាមការចូលទៅកាន់ព្រៃឈើ និងការរឹតបន្តឹងការប្រើប្រាស់គ្រឿងចក្រមួយចំនួននៅតំបន់ជនបទ៕