សមត្ថកិច្ចបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០៣ទីតាំង ស្ថិតសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់។ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូងខេត្ត គណៈបញ្ជាការខេត្តបន្ទាយមានជ័យ អមដោយគណៈបញ្ជការក្រុង អាជ្ញាធរមូលដ្ឋាន។
មន្ត្រីនិងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលនិងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០៣ទីតាំង និងទីតាំងសង្ស័យ ០២ទីតាំង ស្ថិតសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍មួយចំនួន។
មន្ត្រីអាជ្ញាធរ សមត្ថកិច្ចបានចុះឆែកឆេរ និងបង្ក្រាបបិទទីតាំងចំនួន ០៣កន្លែង និងទីតាំងសង្ស័យចំនួន ០២ទីតាំង ៖
១- ឃ្លាំងមួយទីតាំងនៅភូមិចកសង្កាត់ព្រះពន្លា ឃាត់ខ្លួនជនបរទេសបានជាង១០០នាក់ ។
២- ផ្ទះ២ល្វែងនៅបុរីចិនខ្មៅ(សារឿន) ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ឃាត់ខ្លួនជនបរទេសបានជាងម្ភៃនាក់។
៣- នៅអគារភោជនីយដ្ឋាន-ហាងស៊ុបស្មងគោ ភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនជនបរទេសបានជាងម្ភៃនាក់។
៤- ផ្ទះជួលក្បែរបរិវេណខារ៉ាអូខេហ្គោលថោន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា និង
៥- ផ្ទះមួយកន្លែង នៅជាប់មាត់ស្ទឹងស្ថិតនៅ ភូមិ៣ សង្កាត់ព្រះពន្លា ។
កម្លាំងសមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធនិងអនុវត្តនីតិវិធី លើទីតាំងទី៤និងទី៥ នេះ ប៉ុន្តែថា មិនមានឃាត់ខ្លួនបានជនបរទេសទេ ។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចបាននឹងបន្តនិតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ : វង្ស សុភាព









