ក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់នៅទូទាំងភាគខាងត្បូងអឺរ៉ុប បានតតាំងនឹងភ្លើងឆេះព្រៃដែលបានបង្ខំមនុស្សរាប់ពាន់នាក់ឱ្យចាកចេញពីផ្ទះរបស់ពួកគេ និងនាំឱ្យមន្ត្រីហាមប្រាមអ្នកទស្សនាមិនឱ្យចូលរួមព្រឹត្តិការណ៍ប្រណាំងកង់ Tour de France ខណៈសីតុណ្ហភាពបានកើនឡើងម្តងទៀតនៅក្នុងតំបន់ដែលគ្របដណ្ដប់ដោយរលកកម្ដៅ។

ភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជាង ៤២.០០០ ហិចតា ជាតំបន់ដែលមានទំហំធំជាងពីរដងនៃទីក្រុង Manhattan របស់អាមេរិក នៅទូទាំងប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ បារាំង និងក្រិក ដោយសីតុណ្ហភាពត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៤០ អង្សាសេនៅកន្លែងមួយចំនួន។
មនុស្សប្រហែល ៥.០០០ នាក់កំពុងត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅជិតទីក្រុង Perpignan ភាគនិរតីនៃប្រទេសបារាំង ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមគ្រប់គ្រងចំហេះព្រៃដែលបានលេបត្របាក់ផ្ទៃដី ១.៦៥០ ហិកតា ។

ក្រុមអ្នកវិទ្យាសាស្ត្រ World Weather Attributionបាននិយាយថា ចំហេះព្រៃបានកើតឡើងភ្លាមៗបន្ទាប់ពីរលកកម្ដៅក្នុងខែមិថុនា២០២៦នេះ ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយរបស់អឺរ៉ុប ក្នុងអំឡុងពេលនោះ មានមនុស្សស្លាប់រាប់ពាន់នាក់ត្រូវបានចុះបញ្ជីដោយសារតែការប្រែប្រួលអាកាសធាតុ ។
យោងតាមទិន្នន័យបឋម ប្រទេសបារាំងបានកត់ត្រាការស្លាប់លើសពី ២.០២៥ នាក់ក្នុងអំឡុងសប្តាហ៍ចាប់ពីថ្ងៃទី ២២ ដល់២៨ ខែមិថុនា។មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅមានចំនួន ៨៥%នៃការស្លាប់ដែលទាក់ទងនឹងកម្ដៅ។ នៅប្រទេសបែលហ្ស៊ិក ការស្លាប់លើសពី១.២២២នាក់ត្រូវបានកត់ត្រារវាងថ្ងៃទី ១៨ និង២៩ ខែមិថុនា ដែលតំណាងឱ្យការកើនឡើង ៣៩% នៃអត្រាមរណភាពលើសពីនេះ។
ទន្ទឹមនឹងនេះ ប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពប្រចាំថ្ងៃរបស់ប្រទេសអេស្ប៉ាញបានសន្មតថាការស្លាប់លើសពី១.០២៩នាក់ក្នុងខែមិថុនាគឺដោយសារតែសីតុណ្ហភាពខ្ពស់ខុសពីធម្មតា ហើយប្រទេសហូឡង់បានរាយការណ៍ពីការស្លាប់លើសពី ៤៨០ នាក់ ដែលភាគច្រើនជាមនុស្សចាស់៕


