មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei បានអវត្តមានយ៉ាងច្បាស់ពីពិធីបុណ្យសពរបស់ឪពុកលោក ខណៈបណ្ដាឥស្សរជនជាន់ខ្ពស់នៃរបបនេះ បានចូលរួមជាមួយមនុស្សរាប់ពាន់នាក់ដែលគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំកំពូលលោក Ayatollah កាលពីថ្ងៃអាទិត្យ៥កក្កដា។

កូនប្រុសបីនាក់ផ្សេងទៀតរបស់លោក Ali Khamenei គឺ លោក Masoud លោក Mostafa និង លោក Meysam សុទ្ធតែបានចូលរួមពិធីបុណ្យសពនៅថ្ងៃអាទិត្យ រួមជាមួយមន្ត្រីជាច្រើនរូប រួមទាំងលោកប្រធានាធិបតី Masoud Pezeshkian និងប្រធានឆ្មាំបដិវត្តន៍ លោក Ahmad Vahidi។

ការសង្ស័យអំពីស្ថានភាពរបស់លោក Mojtaba ដែលបណ្តាលមកពីពាក្យចចាមអារ៉ាមថាលោកបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដូចគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់ឪពុករបស់លោក នៅតែបន្ត ខណៈលោកពុំបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីការតែងតាំងរបស់លោកនៅដើមខែមីនា មក។
លោក Khamenei បានគ្រប់គ្រងសាធារណរដ្ឋអ៊ីស្លាមចាប់ពីឆ្នាំ ១៩៨៩ រហូតដល់លោកទទួលមរណភាពនៅខែកុម្ភៈ ២០២៦នេះ។

ដំណើរការបុណ្យសពផ្លូវការសម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ជាមួយនឹងព្រឹត្តិការណ៍ដែលបានគ្រោងទុកទូទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។
ក្រុមអាជ្ញាធរអ៊ីរ៉ង់និយាយថា មនុស្សចំនួន ១២-២០ លាននាក់ត្រូវគេរំពឹងថានឹងចូលរួមពិធីនេះ ដែលពួកគេហៅថាជា «ពិធីបុណ្យសពនៃសតវត្សរ៍»៕