មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ម្នាក់បាននិយាយនៅថ្ងៃចន្ទ ៦កក្កដានេះ ថា តៃវ៉ាន់កំពុងតាមដានទំនោរកើនឡើង នៅក្នុងសកម្មភាពកងទ័ពជើងទឹករបស់ចិនក្នុងអំឡុងពេលរដូវកាលសមយុទ្ធយោធាចំណុចខ្ពស់ រួមទាំងសមយុទ្ធរួមគ្នាជាមួយរុស្ស៊ី ហើយនឹងកំពុងវិភាគយុទ្ធសាស្ត្រថ្មីណាមួយ។

តំបន់តៃវ៉ាន់គ្រប់គ្រងដោយប្រជាធិបតេយ្យ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន តាមដានយ៉ាងដិតដល់នូវសកម្មភាពយោធាចិនប្រចាំថ្ងៃនៅជុំវិញកោះនេះ ហើយនិយាយថាពេលវេលាព្រមានសម្រាប់ការវាយប្រហារណាមួយកាន់តែខើចទៅហើយ។ កោះតៃវ៉ាន់ជំទាស់យ៉ាងខ្លាំងចំពោះការអះអាងសិទ្ធិរបស់ចិនលើកោះនេះ ហើយនិយាយថាមានតែប្រជាជនរបស់ខ្លួនទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេបាន។

លោក Tsai Ming-yen អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសភាថា ខែកក្កដាដល់ខែកញ្ញា គឺជារដូវកាលកំពូលសម្រាប់សមយុទ្ធរបស់ចិន ហើយរដ្ឋាភិបាលកំពុងប្រៀបធៀបបេសកកម្មកន្លងមកដើម្បីមើលថាតើគំរូថ្មី អ្វីខ្លះលេចចេញមក។
លោកបានបន្ថែមថា បច្ចុប្បន្នមានកងនាវាចិនចំនួនបួនគ្រឿង កំពុងប្រតិបត្តិការនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។

កាលពីថ្ងៃអាទិត្យ៥ កក្កដា ក្រសួងការពារជាតិចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនទឹក និងដែនអាកាសក្បែរទីក្រុង Qingdao ប្រទេសចិននៅសប្តាហ៍នេះ៕