អ្នកគាំទ្ររាប់ពាន់នាក់នៅរដ្ឋធានី Praia បាននាំគ្នាគ្រវីទង់ជាតិ លើកកន្សែងដែលមានអក្សរ "Cape Verde" និងបោះអាវជូនកីឡាករ ខណៈក្បួនដង្ហែរបស់ក្រុមជម្រើសជាតិកាបវែរ បានចាប់ផ្តើមធ្វើដំណើរជុំវិញទីក្រុង ដើម្បីអបអរសាទរការវិលត្រឡប់មកមាតុភូមិ កាលពីចុងសប្តាហ៍កន្លងទៅ។
ទោះបីកាបវែរត្រូវបញ្ចប់ដំណើរនៅវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងលទ្ធផល ៣-២ នៅម៉ោងបន្ថែមកាត់សេចក្តីក៏ដោយ ប៉ុន្តែក្រុមមួយនេះបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងការបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup និងទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។
កាបវែរ ជាប្រទេសលើដីកោះចំនួន ១០ ស្ថិតនៅឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្វ្រិក មានប្រជាជនប្រមាណ ៥០ម៉ឺននាក់។ ប្រទេសនេះទើបតែចូលរួមការប្រកួតជម្រុះ World Cup នៅដើមសតវត្សរ៍ទី២១ ហើយមុនការប្រកួតឆ្នាំនេះ ក្រុមជម្រើសជាតិរបស់ពួកគេឈរនៅចំណាត់ថ្នាក់លេខ ៦៧ ពិភពលោក។
ភាពជោគជ័យរបស់កាបវែរនៅ World Cup គឺជាលទ្ធផលនៃគម្រោងអភិវឌ្ឍន៍រយៈពេលវែង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Bubista ដែលបានស្វែងរក និងប្រមូលផ្តុំកីឡាករដែលមានដើមកំណើតកាបវែរ ពីបណ្តាប្រទេសនានាជុំវិញពិភពលោក មកកសាងជាក្រុមមួយដែលមានស្មារតីប្រកួតខ្ពស់ ភាពរឹងមាំ និងយុទ្ធសាស្ត្រលេងដ៏មានប្រសិទ្ធភាព។
ទោះបីមិនអាចបន្តដំណើរទៅវគ្គបន្តបានក៏ដោយ ការបង្ហាញសមត្ថភាពរបស់កាបវែរនៅ World Cup លើកនេះ ត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រទេស ក៏ដូចជាបានបង្ហាញថា ក្រុមតូចមួយក៏អាចប្រកួតប្រជែងជាមួយមហាអំណាចបាល់ទាត់ពិភពលោកបានដែរ៕អត្ថបទ៖នាង សុភាវុធ






