ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ទីក្រុងគីវ និងទីក្រុងមូស្គូ នៅបន្តប្រយុទ្ធគ្នា ដើម្បីដណ្តើមយកទីក្រុងសំខាន់នៅភាគខាងកើត Kostyantynivka ដែលវិមានក្រឹមឡាំងបានអះអាងថា ខ្លួនបានដណ្តើមយកបានហើយនោះ។

មេបញ្ជាការយោធារុស្ស៊ី បានប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានគ្រប់គ្រងទីក្រុង Kostiantynivka ទោះបីជាអ៊ុយក្រែន បានបដិសេធការអះអាងនេះក៏ដោយ ដោយនិយាយថា កងកម្លាំងរបស់ខ្លួននៅតែគ្រប់គ្រងទីក្រុងនេះដដែល។
លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចប្រចាំថ្ងៃរបស់លោកថា៖«ការប្រយុទ្ធគ្នាក៏កំពុងបន្តដើម្បីដណ្តើមទីក្រុង Kostyantynivka ដែលមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងរួចហើយថា ជារបស់ខ្លួន ប៉ុន្តែវាច្បាស់ណាស់ថា លោកនឹងមិនហ៊ានបង្ហាញខ្លួននៅទីនោះទេ»។
ទីក្រុង Kostyantynivka មានប្រជាជនប្រហែល ៧៨.000នាក់ មុនពេលរុស្ស៊ីឈ្លានពាននៅឆ្នាំ ២០២២។
លោក ហ្សេឡិនស្គី ក៏បានព្រមានផងដែរថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី មុនកិច្ចប្រជុំកំពូលណាតូ នៅសប្តាហ៍នេះ នៅប្រទេសទួរគី ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីសង្គ្រាមនេះ៕
