ចក្រភពអង់គ្លេសរឹតបន្តឹងច្បាប់របស់ខ្លួនលើការបរិច្ចាគដល់គណបក្សនយោបាយនៅក្រៅប្រទេស នាថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ប្រាក់បរទេសដែលមានឥទ្ធិពលលើការបោះឆ្នោត និងខណៈដែលការព្រួយបារម្ភកំពុងវិលជុំវិញអ្វីដែលរដ្ឋមន្ត្រីក្រសួងលំនៅឋានលោក Steve Reed ហៅថា «ការផ្តល់មូលនិធិក្លែងក្លាយ»។
ច្បាប់ទាំងនេះ កើតឡើង នៅពេលដែលមេដឹកនាំនៃគណបក្សប្រឆាំងអន្តោប្រវេសន៍ កំណែទម្រង់ចក្រភពអង់គ្លេស (Reform UK) គឺលោក Nigel Farage កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយអ្នកឃ្លាំមើលស្តង់ដាសភា លើថាតើលោកគួរតែប្រកាសពីការបរិច្ចាគចំនួន ៥ លានផោន (៦,៦៨ លានដុល្លារ) ពីមហាសេដ្ឋីរូបិយប័ណ្ណឌីជីថលដែលមានមូលដ្ឋាននៅប្រទេសថៃ ដែលត្រូវបានផ្តល់ឲ្យមុនពេលលោក Farage បាននិយាយថា លោកនឹងឈរឈ្មោះជាសមាជិកសភា។

កាលពីឆ្នាំមុន រដ្ឋាភិបាលបានបញ្ជាឲ្យមានការពិនិត្យឡើងវិញលើការជ្រៀតជ្រែកផ្នែកហិរញ្ញវត្ថុបរទេសក្នុងនយោបាយ បន្ទាប់ពីអតីតអ្នកនយោបាយម្នាក់នៅក្នុងគណបក្ស Reform UK ត្រូវបានជាប់ពន្ធនាគារពីបទទទួលសំណូក ដើម្បីធ្វើសុន្ទរកថា និងសេចក្តីថ្លែងការណ៍គាំទ្ររុស្ស៊ី។ ការពិនិត្យឡើងវិញនេះ បានរកឃើញថា ចក្រភពអង់គ្លេសប្រឈមមុខនឹងបញ្ហាឥតឈប់ឈររបស់ប្រទេសក្រៅ ក្នុងនោះមានរុស្ស៊ី ចិន និងអ៊ីរ៉ង់ ដែលព្យាយាមជះឥទ្ធិពល និងធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ ដែលជំរុញឲ្យ រដ្ឋាភិបាលណែនាំច្បាប់ថ្មី។
ក្រសួងលំនៅឋាន សហគមន៍ និងរដ្ឋាភិបាលមូលដ្ឋានរបស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃចន្ទនេះថា ចាប់ពីពេលនេះតទៅ បេក្ខជននយោបាយ នឹងត្រូវបានតម្រូវឲ្យប្រកាសពីការបរិច្ចាគលើសពី ២.២៣០ ផោន ដែលទទួលបានមុនពេលក្លាយជាបេក្ខជន និងបញ្ជាក់ថា មូលនិធិមុនពេលឈរឈ្មោះណាមួយ បានមកពីប្រភពស្របច្បាប់៕
