អាមេរិក៖ បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ ដែលមានភាពចម្រូងចម្រាសខុសធម្មតា នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ទីក្រុងប៉េកាំងបានចេញមុខអះអាងថា ចិន និងអាមេរិកបានសម្រេចនឹងបង្កើតក្រុមការងាររួមមួយ ដើម្បីសហការគ្នាជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ។
ក្រុមមន្ត្រីការទូតកំពូលៗចិន និងសហរដ្ឋអាមេរិកក្នុងជំនួបលើកដំបូង នាសម័យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍-សុក្រនាសប្ដាហ៍នេះបានផ្លោងសម្ដីចោទប្រកាន់ និងរិះគន់លើគោលនយោបាយគ្នាទៅវិញទៅមក ដោយចំហតែម្តង។ ក៏ប៉ុន្តែនៅក្រោយជំនួបនេះ ខាងប្រតិភូចិនបានអះអាងថា ភាគីទាំងពីរបានឯកភាពដោយបន្តប្ដេជ្ញាពង្រឹងការទាក់ទង និងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ។
សូមបញ្ជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់ខាងលើត្រូវបានដឹកនាំ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន និងមន្ត្រីការទូតកំពូលរបស់ចិន គឺលោក យ៉ាង ជាឈី។ ទោះជាយ៉ាងណា ខាងប្រតិភូចិនបានបង្ហាញក្តីសង្ឃឹម ចង់ឲ្យបន្តមានការធ្វើទំនាក់ទំនងជាយុទ្ធសាស្ត្ រកម្រិតខ្ពស់បែបនេះទៀត បើទោះបីជាប្រទេសទាំងពីរនៅមាន ការខ្វែងគំនិតគ្នាច្រើនក៏ដោយ៕
អត្ថបទ៖ សារ៉ាត់