ព្រឹទ្ធសភាហ្វីលីពីន ដែលដើរតួនាទីជាតុលាការចោទប្រកាន់ទម្លាក់តំណែង បានបើកសវនាការកាត់ទោសអនុប្រធានាធិបតី លោកស្រី Sara Duterte នៅថ្ងៃចន្ទ (ទី៦ ខែកក្កដា) នេះ ជាព្រឹត្តិការណ៍ដ៏ចម្រូងចម្រាសខាងនយោបាយ ដែលនឹងកើតឡើងស្របពេលមានជម្លោះនយោបាយដ៏តានតឹងរបស់លោកស្រីជាមួយលោកប្រធានាធិបតី Ferdinand Marcos Jr.។

មន្ត្រីនគរបាលជាង ៦.០០០នាក់ រួមទាំងក្រុមប្រឆាំងកុបកម្មផង ត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាពព្រឹទ្ធសភា ជាកន្លែងដែលក្រុមបាតុករប្រឆាំងលោកស្រី Sara Duterte ប្រហែល ៤០០នាក់ បានប្រមូលផ្តុំគ្នា ដោយស្រែកថា «ផ្តន្ទាទោសលោកស្រី Sara ឥឡូវនេះ»។ បើយោងតាមផែនការមុនការជំនុំជម្រះនេះ ដែលត្រូវបានឃើញដោយសារព័ត៌មាន AP បានបង្ហាញថា លោកស្រី Sara Duterte មិនបានបង្ហាញខ្លួនទេ ប៉ុន្តែត្រូវបានតំណាងដោយមេធាវីរបស់លោកស្រី នៅពេលចាប់ផ្តើមសវនាការ ជាដំណើការដែលនឹងមានរយៈពេល ៩២ថ្ងៃ។
ប្រសិនបើត្រូវបានផ្ដន្ទាទោសតាមបទចោទប្រកាន់នានា ដែលរួមការមាននូវទ្រព្យសម្បត្តិដែលមិនអាចពន្យល់បាន និងការគំរាមកំហែងជាសាធារណៈថា នឹងធ្វើឃាតលោក Marcos លោកស្រី Sara អាចត្រូវបានដកហូតសិទ្ធិជាអចិន្ត្រៃយ៍ពីការកាន់តំណែងសាធារណៈ។ លោកស្រីបដិសេធការចោទប្រកាន់ទាំងនេះ។
ដំណើរការកាត់ទោស នឹងជាការវាយប្រហារដ៏ធំបំផុត ចំពោះផែនការដែលត្រូវបានប្រកាសរបស់លោកស្រី ក្នុងការស្វែងរកតំណែងប្រធានាធិបតី នៅពាក់កណ្តាលឆ្នាំ២០២៨ នៅពេលដែលលោក Marcos បញ្ចប់អាណត្តិ ៦ឆ្នាំរបស់លោក។ អ្នកទាំង២ គឺជាអ្នកឈរឈ្មោះរួម ក្នុងការបោះឆ្នោតឆ្នាំ២០២២ ជាសម្ព័ន្ធភាពដ៏ច្របូកច្របល់ ដែលបានរួមបញ្ចូលគ្នានូវអំណាចរបស់សន្តតិវង្សនយោបាយដ៏ធំបំផុតចំនួន ២ របស់ប្រទេសនេះ ប៉ុន្តែសម្ព័ន្ធនេះ បានបែកបាក់គ្នាយ៉ាងឆាប់រហ័ស៕
