ភ្នំពេញ៖ ទីផ្សារផលិតផលខ្មែរ កំពុងរីកចម្រើន ដោយសារ រាជរដ្ឋាភិបាលបានបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរនានា ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យទៅដល់ដៃអ្នកប្រើប្រាស់ ខណៈមានការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់។
សិប្បករដែលនាំយកផលិតផលមកតាំង «ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មាននៃការតាំងពិព័រណ៍គឺពួកគេលក់ដាច់គួរសម ព្រោះប្រជាពលរដ្ឋជឿជាក់មកលើគុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន។ ពួកគេជឿថា ផលិតផលរបស់ពួកគេគឺមានការផ្សព្វផ្សាយកាន់ទូលំទូលាយ តាមរយៈការតាំងពិព័រណ៍នេះដែលរៀបចំក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំណែក អ្នកប្រើប្រាស់ បានលើកឡើងថា នៅផ្ទះបាយរបស់ពួកគេ ប្រើប្រាស់តែផលិតក្នុងស្រុកស្ទើគ្រប់មុខ លើកលែងតែផលិតមួយចំនួនដែលកម្ពុជាមិនអាចផលិតបានដោយខ្លួនឯង។ ពួកគេ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុកកំណើនសេដ្ឋកិច្ចជាតិ។
ទីផ្សារផលិតផលខ្មែររីកចម្រើន ដោយសាររាជរដ្ឋាភិបាលជំរុញការផ្សព្វផ្សាយ ពង្រីកទីផ្សារកសិផល តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរនានា ដើម្បីបង្កើនឱកាសឱ្យកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម និងផលិតករក្នុងស្រុក អាចតាំងបង្ហាញផលិតផលដែលមានគុណភាព ស្វែងរកដៃគូអាជីវកម្ម ពង្រីកបណ្តាញទីផ្សារ និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់។
ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍កសិផលខ្មែរ» មានរយៈពេល ១០ថ្ងៃ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ខាងមុខនេះ។ «ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ មានស្តង់តាំងបង្ហាញចំនួន ៥០ស្តង់ ដែលបង្ហាញនូវកសិផលខ្មែរ បន្លែ និងផ្លែឈើស្រស់ ផលិតផលកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលម្ហូបអាហារជាច្រើនប្រភេទ៕ អត្ថបទ៖ ធូ វិរៈ





