យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានឃុំខ្លួនជនស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់ដែលបានព្យាយាមឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីប្រទេសស៊ីរី កាលពីព្រឹកថ្ងៃអាទិត្យ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងថា កងទ័ពត្រូវបានដាក់ពង្រាយដោយបានឃុំខ្លួនជនសង្ស័យ និងប្រគល់ពួកគេទៅឱ្យនគរបាលដើម្បីសួរចម្លើយបន្ថែម។
យោធាបានថ្កោលទោសការប៉ុនប៉ងឆ្លងកាត់ព្រំដែននេះ ដោយពណ៌នាថាវាជា «ឧបទ្ទវហេតុធ្ងន់ធ្ងរ» និង «បទល្មើសព្រហ្មទណ្ឌ»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានឃុំខ្លួនថាជាសកម្មជនតាំងលំនៅឋានមកពីក្រុម «Bashan Pioneers»។ ក្រុមនេះបានព្យាយាមឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ីរីម្តងហើយម្តងទៀតក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះដើម្បីសាងសង់ការតាំងលំនៅឋាន ដែលតាមសេចក្តីរាយការណ៍ថា មានការគាំទ្រពីសមាជិកសភាអ៊ីស្រាអែល។

