នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងបទសម្ភាសន៍ជាមួយ Fox News Channel ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ៥ ខែកក្កដា បានបដិសេធការលើកឡើងអំពីភាពប្រេះឆាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយនិយាយថា មេដឹកនាំទាំងពីរយល់ស្របគ្នា ៩៩% ហើយជាធម្មតាតែតែដោះស្រាយភាពខ្វែងគំនិតគ្នាណាមួយ។

លោក Netanyahu បាននិយាយថា សកម្មភាពរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់អាចជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់បន្ថែមទៀត។ ការថ្លែងលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីលោក Trump បានប្រាប់សារព័ត៌មាន Axios ថា លោក Netanyahu បានស្នើសុំជំនួបនៅសេតវិមានដែលអាចធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។
លោកប្រធានាធិបតីអាមេរិក បាននិយាយថា ជំនួបនៅសេតវិមានអាចធ្វើឡើងបន្ទាប់ពីលោកត្រឡប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធយោធាណាតូដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ថ្ងៃទី ៧ និងទី ៨ ខែកក្កដា។
ប៉ុន្តែកិច្ចប្រជុំនេះបានកើតឡើងខណៈភាពតានតឹងរវាងលោក Trump និងលោក Netanyahu បានលេចចេញជាសាធារណៈ។ អ៊ីស្រាអែលបានប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងក្រោមរដ្ឋបាលលោក Trump ក្នុងការចរចាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ហើយលោក Trump បានរិះគន់លោក Netanyahu ដោយបើកចំហចំពោះការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដែលគំរាមដល់កិច្ចព្រមព្រៀងណាមួយដែលបានចរចា។
