សារព័ត៌មានក្នុងសុ្រករាយការណ៍ដោយលើកប្រភពពីក្រុមនគរបាលថា មនុស្សយ៉ាងហោច ២៥នាក់ ត្រូវបានសម្លាប់ និងមនុស្សជិត ១០០នាក់ផ្សេងទៀត បានរងរបួស ពេលដែលការប៉ះទង្គិចគ្នាដោយហិង្សាក្នុងពន្ធនាគារ ស្ថិតនៅទីក្រុង Negombo ប្រទេសស្រីលង្កា ចូលដល់ថ្ងៃទី ២ នាថ្ងៃចន្ទនេះ ។
អំពើហិង្សា បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ពេលដែលគូប្រជែងរបស់ទណ្ឌិត បានប៉ះទង្គិចគ្នានៅក្នុងពន្ធនាគារ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៣៨នាក់ផ្សេងទៀត រងរបួស ។ អំឡុងភាពរំជើបរំជួលនេះ ទណ្ឌិតជាស្រ្តី បាននាំគ្នាឡើងលើដំបូលអគារ ដើម្បីតវ៉ា ។
អ្នកទោសដែលរងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខណៈអ្នករងរបួសធ្ងន់ធ្ងរ ២នាក់ ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យជាតិ ស្ថិតក្នុងរដ្ឋធានី Colombo ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការប៉ះទង្គិចគ្នាដោយហិង្សា បានកើតមានម្តងទៀតនៅថ្ងៃចន្ទនេះ ជំរុញឲ្យចំនួនមនុស្សស្លាប់កើនឡើងដល់យ៉ាងហោច ២៥នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរពន្ធនាគារ បានបើកការស៊ើបអង្កេតចំពោះមូលហេតុដែលនាំឲ្យកើតមានការប៉ះទង្គិចគ្នាដោយហិង្សានេះ ៕

